(វ៉ាស៊ីនតោន)៖ សេវិមាននៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានហាមមិនឲ្យអ្នកកាសែតម្នាក់របស់ស្ថានីយទូរទស្សន៍ CNN ចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន ក្រោយពីអ្នកយកព័ត៌មានរូបនោះ បានជជីកសួរសំណួរឌឺដងដាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
អ្នកកាសែត CNN ខាងលើមានឈ្មោះថា ខេតឡាន ខូលលីនស៍ (Kaitlan Collins) បានលើកឡើងនូវសំណួរមួយចំនួន ទាក់ទិនទៅនឹងប្រទេសរុស្សី រួមជាមួយអតីតមេធាវីរបស់លោក ត្រាំ គឺលោក ម៉ៃខឺល ខូហិន (Michael Cohen) ក្នុងអំឡុងការធ្វើសន្និសីទខ្លីមួយនៅមុនជំនួបរបស់លោក ដូណាល់ ត្រាំ ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោក ហ្សង់ក្លូដ ចាំងខឺ (Jean-Claude Juncker) នៅឯសេតវិមាន។
តាមរយៈឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពខាងលើ សំឡេងរបស់ស្រ្តីម្នាក់ ដែលទំនងជាអ្នកនាង Collins បានចោទជាសំណួរមួយចំនួនទៅកាន់លោក ដូណាល់ ត្រាំ ដោយក្នុងនោះរួមមានសំណួរដូចជា «ហេតុអ្វីបានលោក Cohen ក្បត់លោក? តើលោកប្រធានាធិបតី បារម្ភឬអត់ចំពោះអ្វីដែលលោក Cohen អាចនឹងបង្ហើបប្រាប់ដល់ក្រុមរដ្ឋអាជ្ញា? តើលោកមានព្រួយអំពីរឿងសម្ងាត់អ្វីផ្សេង ដែលមាននៅក្នុងខ្សែអាត់សំឡេងដទៃទៀតដែរ ឬទេ? និងហេតុអ្វីបានជាលោក វ៉្លាឌីមៀ ពូទីន មិនទទួលការអញ្ជើញរបស់លោកមកកាន់វ៉ាស៊ីនតោន»។ ចំណែកលោក ត្រាំ វិញ ជាមួយទឹកមុខមិនសូវជាពេញចិត្តប៉ុន្មាននោះ ពុំបានឆ្លើយតបសំណួរទាំងអស់នេះឡើយ។
បើតាមអ្នកនាង Collins ផ្ទាល់ អ្នកកាសែតរូបនេះត្រូវបានគេកោះហៅទៅកាន់ការិយាល័យរបស់លោក បៀល សាញ (Bill Shine) ដែលជាអនុប្រធានសេតវិមានទទួលបន្ទុកផ្នែកទំនាក់ទំនង ហើយនាពេលនោះអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍សេនដឺស (Sarah Sanders) ក៏មានវត្តមានផងដែរ។ អ្នកនាង Collins ត្រូវបានមន្រ្តីទាំងពីររូបប្រាប់ថា ទង្វើរបស់ខ្លួននៅមុននេះ គឺមិនសមរម្យនោះឡើយហើយរូបនាងត្រូវបានគេដកការអញ្ជើញ សម្រាប់ឲ្យទៅចូលរួមសន្និសីទរួមមួយផ្សេងទៀត រវាងលោក ត្រាំ និងលោក Juncker នៅក្រោយកិច្ចពិភាក្សានៅឯសួនច្បារ រ៉ូស ហ្គាឌែត (Rose Garden)។
គួរជម្រាបថា សេតវិមាន និង CNN ចាប់តាំងតែពីរដ្ឋបាលថ្មីឡើងកាន់អំណាចមក ពុំសូវមានទំនាក់ទំនងល្អនឹងគ្នាឡើយ ដោយសារតែ CNN មានទំនោរប្រឆាំងនឹងគោលនយោបាយជាច្រើនរបស់លោក ដូណាល់ ត្រាំ ហើយលោក ត្រាំ វិញបានប្រកាសជាសាធារណៈថា បណ្តាញសារព័ត៌មានដ៏ល្បីល្បាញនៅអាមេរិក និងលើពិភពលោកនេះ ជាបណ្តាញព័ត៌មានបោកប្រាស់៕