គំរោងរៀបចំជំនួបកំពូល «ត្រាំ-ពូទីន» ជាលើកទីពីរត្រូវពន្យារទៅឆ្នាំ២០១៩ ខណៈការស៊ើបអង្កេតកំពុងបន្ត លើករណីរុស្ស៊ីលូកលាន់ការបោះឆ្នោត... (video inside)
26-07-2018 10:36
(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា កិច្ចជំនួបពិភាក្សាបន្ទាប់រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវពន្យារពេលទៅឆ្នាំក្រោយវិញ ក្រោមហេតុផលនៃការស៊ើបអង្កេត ទៅលើករណីដែលរុស្ស៊ីបានចូលលូកដៃក្នុងកិច្ចការបោះឆ្នោតជ្រើសរើសមេដឹកនាំអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ការបញ្ជាក់ខាងលើត្រូវបានធ្វើឡើង ដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដែលកាលពីសប្តាហ៍មុនត្រូវបានលោក ត្រាំ បង្គាប់ឲ្យរៀបចំការអញ្ជើញលោក ពូទីន ឲ្យមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយពេលនោះសេតវិមានបានអះអាងថា កិច្ចពិភាក្សាជុំវិញការរៀបចំរឿងនេះ គឺបានប្រព្រឹត្តទៅជាបណ្តើរៗហើយ។
យ៉ាងណាមិញនាសប្តាហ៍នេះ វិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន និងលោក ត្រាំ ប្រហែលជាអាចជួបគ្នាជាថ្មីទៀត ក្នុងលក្ខណៈជំនួបក្រៅផ្លូវការនៃព្រឹត្តិការណ៍អន្តរជាតិនានា ប៉ុន្តែពុំមានការត្រៀមរៀបចំណាមួយត្រូវបានធ្វើឡើង សម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នៅវ៉ាស៊ីនតោនឡើយ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ នៅក្រោយជំនួបរបស់លោកក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ ជាមួយលោក វ៉្លាឌីមៀ ពូទីន ដោយសារតែពាក្យសម្តីរបស់មេដឹកនាំអាមេរិកមួយនេះ ត្រូវបានគេមើលឃើញថា ជាការកាន់ជើងទីក្រុងម៉ូស្គូ ប្រឆាំងនឹងការសន្និដ្ឋានរបស់បណ្តាញស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ដែលថារុស្ស៊ីពិតជាបានចូលលូកលាន់ក្នុងដំណើរការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ ជាហេតុបង្ខំលោក ត្រាំ ក្រោយមកបានចេញមុខក្រឡាស់សម្តីខ្លួនឯងឡើងវិញ៕