(អាមេរិក)៖ ភពក្រហម Mars (ភពអង្គារ) ត្រូវបានអ្នកវិទ្យាសាស្រ្តជឿជាក់ថា ទំនងជាមានលាក់បាំងនូវផ្ទៃបឹងមួយ មានទំហំជិត ២០គីឡូម៉ែត្រ ដែលកំពុងពួនសំងំនៅពីខាងក្រោមផ្ទាំងទឹកកកជម្រៅ ១.៦គីឡូម៉ែត្រ នៅប៉ូលខាងត្បូងរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
កន្លងមកនេះក្រុមអ្នកវិទ្យាសាស្ត្រ ពុំធ្លាប់មានភស្តុតាងរឹងមាំច្រើនសម្រាប់វត្តមាន នៃប្រភពទឹកដ៏ធំបែបនេះឡើយ ប៉ុន្តែធ្លាប់បានផ្តល់ភស្តុតាងរឹងមាំជាច្រើន ទាក់ទិននឹងវត្តមាននៃកម្រិតទឹកតិចតួចទៅ នៅលើភពព្រះអង្គារ។ យ៉ាងណាក៏ដោយ ការសិក្សា និងរកឃើញថ្មីនេះ នៅតែជារឿងគួរឲ្យចាប់អារម្មណ៍ដដែល។
ដោយឡែកអ្នកវិទ្យាសាស្រ្តត្រូវតែរកឲ្យឃើញផ្ទាល់ៗថា ប្រភពទឹកខាងលើមានវត្តមានប្រាកដជាមុនសិន និងស្វែងយល់ឲ្យបានជាក់ច្បាស់អំពីលក្ខណៈផ្សេងៗ ដែលប្រភពទឹកនោះមាន ពោលគឺវាតម្រូវឲ្យមានប្រភេទបេសកកម្មសមស្រប ប៉ុន្តែនាខណៈពេលនេះ ពុំទាន់មានការរចនាបង្កើតឡើងនោះទេ កុំថាឡើយរឿងបាញ់បង្ហោះឡើងទៅកាន់ទីអវកាសនោះ។
គួរជម្រាបថា កិច្ចសិក្សាស្រាវជ្រាវខាងលើបានយោងទៅលើការចងក្រងទឹ្រស្តីរយៈពេល ០៣ទសវត្សរ៍ ដោយអ្នកវិទ្យាសាស្រ្តអំពីឱកាសដែលប្រភពទឹកអាចមានវត្តមាន នៅក្រោមតំបន់ប៉ូលរបស់ភពអង្គារ ដូចទៅនឹងផែនដីដែរ។
កាលពីខែកញ្ញា ឆ្នាំ២០១៥ អង្គការ NASA បានចេញសេចក្តីប្រកាសដ៏ធំមួយ ដែលនាំឲ្យកក្រើកពិភពវិទ្យាសាស្ត្រ នោះគឺការរកឃើញវត្តមានទឹករាវ ហូរនៅលើផ្ទៃភពព្រះអង្គារក្នុងចំនួនតិចតួច ហើយវាពិតជាសញ្ញាមួយដ៏ប្រសើរថ្លៃថ្លា ក្នុងការអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បន្តប្រើយានតាមដានអំពីលក្ខណៈបន្ថែមនៃភពអង្គារ ដែលកាលពីរាប់រយរាប់ពាន់លានឆ្នាំមុន អាចធ្លាប់មានជីវិតរស់នៅ ឬក៏បរិយាកាសស្រដៀងនឹងភពផែនដីនេះ៕