​(ប៊ែរឡាំង)៖ បុរសជនជាតិ​វៀតណាមម្នាក់ត្រូវ​បានតុលាការ​សហព័ន្ធអាល្លឺម៉ង់ ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ០៤ឆ្នាំ ពីបទចូលរួមក្នុង​សកម្មភាព​ចាប់ពង្រត់អ្នក​ជំនួញវៀតណាម​ម្នាក់ នៅលើដងផ្លូវ​ក្នុងទីក្រុង​ប៊ែរឡាំង កាលពី​ខែកក្កដា ឆ្នាំ២០១៧។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន BBC នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

តុលាការ​ទីក្រុង​ប៊ែរឡាំង បានចេញសាលក្រម​កាត់ទោសបុរសវៀតណាម​ម្នាក់ ដែលត្រូវបាន​គេកំណត់អត្តសញ្ញាណ​ត្រឹមតែឈ្មោះ ឡុង (Long NH) មានអាយុ ៤៧ឆ្នាំ សម្រាប់​ការចូលរួមក្នុង​សកម្មភាព ជាមួយ​ទីភ្នាក់ងារស៊ើបការណ៍សំងាត់​វៀតណាម និងឱ្យគេជួល​រថយន្ដ ប្រើប្រាស់ក្នុងការចាប់​ពង្រត់លោក ទ្រិញ ហ្សួនថាញ់ (Trinh Xuan Thanh) ជាអតីតនាយកប្រតិបត្តិ​ក្រុមហ៊ុនប្រេង​រដ្ឋវៀតណាម។

លោក Xuan Thanh ដែលមាន​បំណងស្នើសុំសិទ្ធជ្រកកោន​ ក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានគេចាប់​ពង្រត់ចូលក្នុងរថយន្ដ​មួយគ្រឿង នៅឯឧទ្យាន​ក្នុងទីក្រុងប៊ែរឡាំង ធាហ្គាឌែន (Tiergarten) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ហើយបន្ទាប់​មកទើបលេចលឺ​ដំណឹងថា រូបលោកត្រូវគេ​បញ្ជូនត្រឡប់ទៅ​កាន់វៀតណាមវិញ ព្រមទាំង​ត្រូវគេកាត់ទោស​ដាក់ពន្ធនាគារ​អស់មួយជីវិត​ ពីបទពុករលួយ​ប្រាក់រដ្ឋជាង ១៥០លានដុល្លារ របស់​ក្រុមហ៊ុនប្រេងរដ្ឋ PetroVietnam។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​អាល្លឺម៉ង់ បុរសឈ្មោះ Long NH បានសារភាព​ពីទោសកំហុសរបស់ខ្លួន ដើម្បីទទួលបាន​ការបន្ធូរបន្ថយទោស។ រីឯតុលាការ​អាល្លឺម៉ង់​ក៏បានអះអាងដែរថា បុរសរូបនេះ មិនមានជាប់​ពាក់ព័ន្ធនឹងសកម្មភាព​កម្រិត​ខ្ពស់ ក្នុងការរៀបចំគំរោង និងអនុវត្តន៍សកម្មភាព​ចាប់ពង្រត់​លោក Xuan Thanh នោះ​ទេ៕