(ដាម៉ាស់)៖ ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់មួយ នៅឯភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃពុធម្សិលមិញនេះ បានកើនដល់ ២២៥នាក់ហើយ ក្នុងនោះ ១២៧នាក់គឺជាប្រជាជនស្លូតត្រង់។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងក្បែរផ្សារដ៏មមាញឹកមួយកន្លែងក្នុងទីក្រុង ស្វេដា (Sweida) ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី នៃភាគខាងត្បូងប្រទេស។ អង្គការមួយនេះក៏បានអះអាងដែរថា មនុស្សសរុប ១៨០នាក់ផ្សេងទៀតរងរបួស រីឯក្រុម ISIS ក៏បានអះអាងផងដែរថា ខ្លួនជាអ្នកដឹកនាំការវាយប្រហារដ៏អាក្រក់នេះ។
គួរបញ្ជាក់ថា បច្ចប្បន្នកងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមានការគាំទ្រពីយន្ដហោះចម្បាំងរុស្ស៊ី បានវាយដណ្ដើមយកទឹកមកវិញស្ទើរ តែទាំងស្រុងពីក្រុម ISIS និងក្រុមឧទ្ទាមស៊ីរីគាំទ្រដោយក្រុមចំរុះសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅតែបន្តកើតមានឡើងជារឿយៗ ខណៈមនុស្ស ២៧០,០០០នាក់ បានរត់ភៀសខ្លួនចេញពីសម្បែង នៅក្នុងតំបន់ដែលជម្លោះកំពុងកើតមាន ជាពិសេសគឺទីក្រុង ឌែរ៉ាអា (Deraa) ស្ថិតនៅភាគខាងលិចទីក្រុងស្វេដា៕