BREAKING NEWS: នាយករដ្ឋមន្ត្រីឡាវ៖ មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ដោយសារការបាក់ទំនប់វារីអគ្គីសនី ខណៈសាកសព២៦នាក់ ត្រូវបានរកឃើញ (video inside)
26-07-2018 01:14
(ឡាវ)៖ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានឲ្យដឹង នៅថ្ងៃពុធនេះថា មនុស្ស១៣១នាក់ បាននឹងកំពុងបាត់ខ្លួនអស់រយៈពេល២ថ្ងៃហើយ បន្ទាប់ពីទំនប់វារីអគ្គីសនីមួយបានបាក់ ធ្វើឲ្យជន់លិចភូមិជាច្រើន នាភាគខាងត្បូងប្រទេស ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់២៦នាក់, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកក្កដានេះ។
នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រ តាមរយៈទូរទស្សន៍ លោក Thongloun Sisoulith បានផ្តល់នូវតួលេខជាក់លាក់បំផុតចំពោះចំនួនមនុស្ស ដែលបាននឹងកំពុងបាត់ខ្លួន។
ក្រុមហ៊ុនម៉ៅការសាងសង់ទំនប់វារីអគ្គីសនី ចំនួន២របស់កូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា ពួកគេបានរាយការណ៍ពីការខូចខាត មួយថ្ងៃមុនពេលផ្នែកមួយចំនួន នៃទំនប់វារីអគ្គីសនី Xe-Namnoy បានបាក់ កាលពីថ្ងៃចន្ទ។ សារព័ត៌មាន Vientiane Times បានចុះផ្សាយថា មានមនុស្សប្រមាណ៣,០០០នាក់ ត្រូវការជំនួយជួយសង្គ្រោះ គិតត្រឹមរសៀលថ្ងៃពុធនេះ ដោយពួកគេបាននឹងកំពុងស្នាក់អាស្រ័យលើដើមឈើ និងដំបូលផ្ទះ៕