(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវ បានបាក់រលំកាលពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិតមនុស្ស២០នាក់ ៕
២៖ ស្ថានីយទូរទស្សន៍អាមេរិក CNN បានចេញផ្សាយខ្សែអាត់សំឡេងសម្ងាត់នៃការពិភាក្សារវាងលោក ដូណាល់ ត្រាំ ដែលកាលនោះនៅជាបេក្ខភាពប្រធានាធិបតីអាមេរិក និងមេធាវីរបស់លោក គឺលោក ម៉ៃខឺល ខូហិន (Michael Cohen) ជុំវិញមធ្យោបាយដើម្បីទិញយកសិទ្ធិ នៃរឿងរ៉ាវរបស់តារាម៉ូដែលទស្សនាវត្តី Playboy ម្នាក់ (បំបិទមាត់) ស្តីពីទំនាក់ទំនងស្នេហារបស់លោក ត្រាំ ជាមួយរូបនាងតាំងតែពីយូរមកហើយ៕
៣៖ សំណល់ហ្វូស៊ីលនៃអម្បូរសត្វដាយណូស័រ Sauropod ទើបតែត្រូវបានគេរុករកឃើញនៅឯប្រទេសចិន ដោយប្រការនេះប្រហែលជាអាចផ្លាស់ប្តូរការដែលអ្នកវិទ្យាសាស្រ្ត យល់ឃើញពីរបៀបដែលសត្វយក្សទាំងនេះ បានធ្វើការវិវត្តន៍ និងរបៀបដែលទ្វីបទាំងអស់នៅលើផែនដី នៅជាប់គ្នាកាលពី ១៧៤លានឆ្នាំមុន៕
៤៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានរិះគន់យ៉ាងខ្លាំងលើ បណ្ដាប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាមមួយចំនួនថា បានតែនិយាយ តែមិនបានផ្ដល់ជំនួយគ្រប់គ្រាន់ដល់ប្រជាជន ប៉ាឡេស្ទីននោះទេ៕
៥៖ ខណៈពេលនេះប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជួបប្រទះបញ្ហាលំបាកខ្លាំង ក្នុងការដោះស្រាយចំពោះការកើនឡើងកម្តៅខ្ពស់ខុសពីធម្មតា៕
៦៖ កងទ័ពអ៊ីរ៉ង់កំពុងត្រៀមខ្លួនក្នុងកំរិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ បន្ទាប់ពីមានការ ព្រមានពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕