(វ៉ាស៊ីនតោន)៖ កូនស្រីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump) បានសម្រេចចិត្តបិទក្រុមហ៊ុនលក់ផលិតផលម៉ាកល្បីៗ (fashion brand) របស់ខ្លួនហើយដើម្បីគេចេញពីជម្លោះផលប្រយោជន៍ ដើម្បីបម្រើការងារជាមន្ត្រីជាន់ខ្ពស់សេតវិមានឲ្យបានពេញដៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ការសម្រេចចិត្តរបស់អ្នកនាង Ivanka ធ្វើឡើងមួយឆ្នាំ បន្ទាប់ពីអ្នកនាងបានដើរចេញពីក្រុមហ៊ុន ដោយទទួលដំណែងជាមន្ត្រី ទីប្រឹក្សាជាន់ខ្ពស់មួយរូបនៅក្នុងសេតវិមាន។ អ្នកនាង Ivanka បានបើកក្រុមហ៊ុនលក់ផលិតផលម៉ាកល្បី ដូចជាស្បែកជើង សម្លៀកបំពាក់ គ្រឿងអលង្កាជាដើម កាលពីឆ្នាំ២១០៤ ប៉ុន្តែការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិករបស់ឪពុកអ្នកនាង បានឱ្យធ្វើអតិថិជនមួយចំនួនធំពហិការមិនទិញផលិតផលពីក្រុមហ៊ុន។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រុមហ៊ុនរបស់អ្នកនាង Ivanka Trump កូនស្រីលោក ដូណាល់ ត្រាំ រូបនេះសម្រេចចិត្តបិទក្រុមហ៊ុនរបស់ខ្លួនហើយ ដោយសារតែចង់គេចចេញពីជម្លោះផលប្រយោជន៍ ហើយអ្នកនាងក៏មិនបានបញ្ជាក់ថា នឹងត្រឡប់មកបើកអាជីវកម្មនៅពេលណានោះដែរ៕