(ឡុងដ៍)៖ សំណល់ហ្វូស៊ីលនៃអម្បូរសត្វដាយណូស័រ Sauropod ទើបតែត្រូវបានគេរុករកឃើញនៅឯប្រទេសចិន ដោយប្រការនេះប្រហែលជាអាចផ្លាស់ប្តូរការដែលអ្នកវិទ្យាសាស្រ្ត យល់ឃើញពីរបៀបដែលសត្វយក្សទាំងនេះ បានធ្វើការវិវត្តន៍ និងរបៀបដែលទ្វីបទាំងអស់នៅលើផែនដី នៅជាប់គ្នាកាលពី ១៧៤លានឆ្នាំមុន។ នេះបើតាមការសិក្សាថ្មីមួយរបស់ សារមន្ទីរជាតិប្រវត្តិសាស្រ្តនៅទីក្រុងឡុងដ៍ ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវទើបតែបានគាស់រំលើងរកឃើញ កំណាត់ឆ្អឹងហ្វូស៊ីលមួយចំនួនរបស់អម្បូរដាយណូរស័រចន្លោះពី ០៧ ទៅ ១០ក្បាល ដែលមានវ័យអាចពីជំទង់ទៅដល់ពេញវ័យ នៅឯទីតាំងមួយក្បែរក្រុង Lingwu ភាគខាងជើងប្រទេសចិន ហើយពួកគេបានប៉ាន់ស្មានថា ទាំងនេះទំនងជាក្រុមសត្វដាយណូរស័រមួយគ្រួសារ ដែលជីវិតរបស់ពួកវាត្រូវបានបញ្ចប់កាលពីអំឡុងសម័យ Middle Jurrasic គឺ ១៧៤ ដល់ ១៦៣លានឆ្នាំមុន។
បើតាមការសិក្សាខាងលើ សត្វដាយណូស័រទាំងនេះ ស្ថិតក្នុងក្រុមនៃអម្បូរ Sauropod ដែលគេហៅថា Diplodocoid ដែលពីមុនមកត្រូវគេជឿជាក់ថា ពុំមានវត្តមាននោះឡើយនៅលើប្រទេសចិន។ ការសិក្សាមុនៗបានសន្និដ្ឋានថា នៅពេលសត្វដាយណូស័រទាំងនេះ ធ្វើការវិវត្តន៍តំបន់អាស៊ីខាងកើតបានរហែកចេញពី Pangaea ដែលជាទ្វីបយក្សមួយកាលពី ២៨០លានឆ្នាំមុន រួចស្រេចទៅហើយ។
គួរជម្រាបថា យ៉ាងណាមិញសំណល់ហ្វូស៊ីលដែលទើបរកឃើញខាងលើ បានបង្ហាញថា តំបន់អាស៊ីខាងកើតប្រហែលជាពុំទាន់ត្រូវបានកាត់ផ្តាច់ដូចដែលធ្លាប់បានគិតនោះឡើយ ហើយសត្វដាយណូស័រទាំងនេះ ប្រហែលជាបានធ្វើដំណើរទៅកាន់តំបន់នេះ តាំងតែពីយូរមកហើយមុនពេលមានការហែកខ្ញែកទ្វីបណាមួយបានកើតឡើង៕