(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្គាប់ឲ្យមានការបញ្ជូនក្រុមសង្រ្គោះភ្លាមៗទៅកាន់ប្រទេសឡាវ ដែលកំពុងរងគ្រោះធ្ងន់ និងមានមនុស្សជិត ២០នាក់ស្លាប់ និងបាត់ខ្លួនខ្ទង់រយនាក់ ព្រមទាំងរាប់ពាន់នាក់បាត់បង់ទីជម្រក ដោយសារតែការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង ដែលស្ថិតក្រោមការដឹកនាំកសាងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅខេត្តភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យប្រធានាធិបតីលោក គីម អ៊ុយកឺម (Kim Eui-keum) បានឲ្យដឹងថា លោក មូន បានបញ្ជាឲ្យមន្រ្តីកូរ៉េខាងត្បូង រៀបចំចេញជាវិធានការជ្រោមជ្រែងយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលក្រុងសេអ៊ូល រួមមានទាំងការបញ្ជូនក្រុមជួយសង្រ្គោះក្នុងគ្រាអាសន្នទៅកាន់ឡាវ។ លោក មូន ជែអ៊ីន បាននិយាយថា ទោះបីជាមូលហេតុពិតប្រាក នៃហេតុការណ៍បាក់ទំនប់នេះ ពុំទាន់ត្រូវបានកំណត់ច្បាស់ក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែចូលរួមជួយយ៉ាងសកម្មភ្លាមៗ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះនានាដោយហេតុថាបណ្តាញក្រុមហ៊ុនរបស់កូរ៉េខាងត្បូងផ្ទាល់ មានជាប់ពាក់ព័ន្ធនឹងដំណើរការសាងសងទំនប់ទឹកនេះ។
គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ដែលកំពុងស្ថិតក្រោមការដឹកនាំសាងសង់ឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូង បានបាក់កាលពីល្ងាចថ្ងៃចន្ទ ដោយបណ្តាលឲ្យមនុស្សខ្ទង់រយនាក់បាត់ខ្លួន និងរាប់ពាន់នាក់ទៀតបាត់បង់ទីជម្រក ខណៈសាកសពមនុស្សប្រមាណ ១៩នាក់ ត្រូវគេរាយការណ៍ថាបានរកឃើញ។
ជាមួយគ្នានេះដែរ ការវិវាទបានផ្ទុះកើតឡើង ជុំវិញមូលហេតុនៃហេតុការណ៍ដ៏អាក្រក់នេះ ដោយខ្លះបានលើកឡើងថា ទំនប់ខាងលើបានបាក់ដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈខ្លះទៀតបាននិយាយថា ការបាក់ទំនប់នេះតែម្តងទើប បង្កឲ្យមានទឹកជំនន់យ៉ាងជន់ជោរ។
រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបញ្ជូនក្រុមសង្រ្គោះជំហានដំបូងចំនួន ០៧នាក់ ទៅកាន់ប្រទេសឡាវនាថ្ងៃព្រហស្បតិ៍ស្អែក ហើយនឹងបញ្ជូនភ្នាក់ងារព្រមទាំងក្រុមគ្រូពេទ្យបន្ថែមទៀត ក្រោយបានធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលឡាវ៕