(ដាម៉ាស់)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់មួយ បានកើតឡើងនៅភាគខាងត្បូងប្រទេសស៊ីរីនៅថ្ងៃពុធនេះ ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរងរបួសរាប់សិបនាក់ទៀត។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដកស្រង់ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ការវាយប្រហារនេះបានកើតឡើងក្បែរផ្សារដ៏មមាញឹកមួយកន្លែងក្នុងទីក្រុង ស្វេដា (Sweida) ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី នៃភាគខាងត្បូងប្រទេស។ អង្គការមួយនេះក៏បានអះអាងដែរថា មនុស្សច្រើនជាង ៣០នាក់ ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ក្រោយកើតហេតុមិនបានប៉ុន្មានផង ក្រុម ISIS អះអាងថា ការវាយប្រហារ សម្លាប់មនុស្ស ៣៨នាក់នេះ គឺជាស្នាដៃរបស់ខ្លួន៕