ក្តៅគគុក! បំផ្ទុះគ្រាប់បែកនៅការិយាល័យបោះឆ្នោតក្នុងទីក្រុង Quetta, ប៉ាគីស្ថាន «ផ្តាច់ជីវិតមនុស្ស២៤នាក់ និងរបួស២៨នាក់»
25-07-2018 15:00
(ប៉ាគីស្ថាន)៖ ក្រុមមន្ត្រីប៉ាគីស្ថាននៅថ្ងៃពុធនេះបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ២៤នាក់ ក្នុងនោះមានប៉ូលិស ០២នាក់បានស្លាប់ និងជាច្រើននាក់រងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្បែរការិយាល័យបោះឆ្នោតក្នុងទីក្រុងខ្វេតតា (Quetta) នៃខេត្ត Baluchistan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
អ្នកនាំពាក្យមន្ទីរពេទ្យក្នុងទីក្រុង Quetta បានប្រាប់ Al Jazeera ថាមនុស្ស ២៨នាក់ ក៏បានរងរបួសផងដែរ ហើយការវាយប្រហារផ្ទុះគ្រាប់បែកនេះទៀតសោត កើតនៅចំថ្ងៃដែលប្រជាជនប៉ាគីស្ថាន នំាគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលថ្មី។ ប៉ុន្តែព្រមពេលជាមួយគ្នា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ការបោះឆ្នោតត្រូវផ្អាក ឬយ៉ាងណោះនោះ។
គួរបញ្ជាក់ថា ប្រជាជនប៉ាគីស្ថានប្រមាណ ១០៦លាននាក់ បានចុះឈ្មោះបោះឆ្នោត ហើយមានគណបក្សនយោបាយ ៣០ និងមានបេក្ខជន ១២,៥៧០នាក់ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។ ការិយាល័យបោះឆ្នោត ៨៥,០០០កន្លែង នឹងត្រូវបិទទា្វរនៅម៉ោង ០៦៖០០នាទីល្ងាចថ្ងៃពុធនេះ (ម៉ោងនៅក្នុងតំបន់) ដើម្បីរាប់សន្លឹកឆ្នោតក្រោមការការពារសន្តិសុខពីមន្ត្រីប៉ូលិស និងយោធា ៨០០,០០០នាក់ នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ៕