(ឡាវ)៖ បើតាមព័ត៌មានចុងក្រោយពីមន្ត្រីរដ្ឋាភិបាលឡាវ បានឱ្យដឹងនៅរសៀលថ្ងៃពុធនេះថា សាកសពមនុស្ស ១៧នាក់ហើយ ត្រូវបានស្រង់ចេញពីក្នុងទឹក បន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែងនៅក្នុងប្រទេសឡាវ បានបាក់កាលពីថ្ងៃអង្គារ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងមនុស្សបន្តបាត់ខ្លួនរាប់រយនាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈមនុស្សច្រើនជាង ១០០នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ទៀតបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរឡាវ កាលពីថ្ងៃអង្គារម្សិលមិញបានរាយការណ៍ថា ទំនប់វារីអគ្គិសនីមួយកន្លែងបានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍ប្រទេសឡាវជាប់ព្រំដែនខេត្តស្ទឹងត្រែងព្រមទាំងខេត្តរតនៈគិរី ភាគឦសាននៃប្រទេសកម្ពុជា។
គួរជម្រាបថា ទំនប់ខាងលើត្រូវបានគេរាយការណ៍ថា បានទម្លាយទឹកយ៉ាងជន់ជោរក្នុងទំហំប្រមាណ ០៥ពាន់លានម៉ែត្រគូបនៅក្នុងសង្កាត់ សានសៃ (San Sai) នៃខេត្តអាត់តាពើ ហើយវាត្រូវបានសាងសង់ឡើងដោយគម្រោងរួមគ្នាមួយ ដឹកនាំដោយបណ្តាញក្រុមហ៊ុន កូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវផ្ទាល់៕