(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី នីកគី ហាឡេយ (Nikki Haley) បានរិះគន់យ៉ាងខ្លាំងលើបណ្ដាប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាមមួយចំនួនថា បានតែនិយាយ តែមិនបានផ្ដល់ជំនួយគ្រប់គ្រាន់ ដល់ប្រជាជនប៉ាឡេស្ទីននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីតំបន់មជ្ឈិមបូព៌ា នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអមេរិក) លោកស្រី Nikki Haley បាននិយាយដោយត្រង់ៗតែម្ដងថា ប្រទេសដូចជា អេហ្ស៊ីប គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី ទុយនីស៊ី តួកគី ប៉ាគីស្ថាន អូម៉ង់ អ៊ីរ៉ង់ និងតួកគី ពោលគឺប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម OIC មួយចំនួនធំមិនបានផ្ដល់ជំនួយគ្រប់គ្រាន់ ដល់ប្រជាជនប៉ាឡេស្ទីននោះទេ។
លោកស្រី Haley បានលើកឡើងយ៉ាងដូច្នេះថា «ពាក្យសម្ដីនិយាយនៅទីនេះ ក្នុង ទីក្រុងញូយ៉ក មិនអាចចិញ្ចឹមផ្ដល់សម្លៀកបំពាក់ ឬការអប់រំដល់កុមារប៉ាឡេស្ទីនសូម្បីតែម្នាក់... ចំណែកឯ យើងវិញបានផ្ដល់ជំនួយច្រើនជាង ១២៥លានដុល្លារកាលពីឆ្នាំមុន ដែល នេះឱ្យយើងជឿជាក់ថា យើងបានឆ្លើយតបគ្រប់គ្រាន់ដល់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវការជំនួយជាចាំបាច់»។
តែទោះជាយ៉ាងនេះក្ដី តំណាងប៉ាឡេស្ទីនប្រចាំ UN លោក រីយ៉ាដ ម៉ាន់សួរ (Riyad Mansour) បានចាត់ទុកថា ការលើកឡើងរបស់លោកស្រីអគ្គរដ្ឋទូតអាមេរិករូបនេះ គឺជាការប្រមាចដល់សម្ព័ន្ធមិត្តអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនខ្លួនឯងបានប្រកាសកាត់បន្ថយជំនួយជាង ៦០លានដុល្លារ ពីកញ្ចប់ជំនួយ ៣៦៥លានដុល្លារ ដែលបានសន្យានៅក្នុងឆ្នាំ២០១៨នេះ៕