(សេអ៊ូល)៖ ខណៈពេលនេះប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជួបប្រទះបញ្ហាលំបាកខ្លាំង ក្នុងការដោះស្រាយចំពោះការកើនឡើងកម្តៅខ្ពស់ខុសពីធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
សីតុណ្ហភាពនៅតាមតំបន់ភាគអាគ្នេយ៍ នៃប្រទេសកូរ៉េខាងត្បូងបានហក់ឡើងដល់ ៤០អង្សាសេ កាលពីថ្ងៃអង្គារម្សិលមិញ ខណៈរដ្ឋាភិបាលទីក្រុងសេអ៊ូលបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ ដែលក្តៅហួតហែងនេះ។
គួរជម្រាបថា រលកកម្តៅខាងលើក៏កំពុងបង្កក្តីកង្វល់ជុំវិញការផ្គត់ផ្គង់ថាមពលផងដែរ ខណៈដែលប្រជាពលរដ្ឋកូរ៉េ បានស្ទុះទៅប្រើប្រាស់ម៉ាស៊ីនត្រជាក់ ព្រមទាំងប្រព័ន្ធកាត់បន្ថយកម្តៅឯទៀតៗ។ ជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ដាក់បញ្ចូលបញ្ហាកើនឡើងកម្តៅ ទៅក្នុងប្រព័ន្ធប្រកាសអាសន្នគ្រោះមហន្តរាយជាតិថែមទៀត។ យ៉ាងណាមិញ នាពេលកន្លងមកនេះ មនុស្សយ៉ាងតិចចំនួន ១០នាក់ ក៏បានបាត់បង់ជីវិតផងដែរ ដោយសារជំងឺដែលបង្កឡើងពីរលកកម្តៅ នៅក្នុងប្រទេសកូរ៉េខាងត្បូង៕