(បេឡារុស)៖ អាកាសយានិកមកពីបណ្តាប្រទេស និងតំបន់ខុសៗគ្នាបាននាំគ្នាមកចូលរួមក្នុង «ការប្រកួតជើងឯកឧទ្ធម្ភាគចក្រពិភពលោក» ដែលបានចាប់ផ្តើមប្រព្រឹត្តទៅនៅឯព្រលានយន្តហោះ លីពគី (Lipki) នៃទីក្រុងមីន (Minsk) ប្រទេសបេឡារុស កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នករៀបចំព្រឹត្តិការណ៍ខាងលើ ក្នុងចំណោមអ្នកចូលរួមទាំងអស់ ប្រទេសរុស្ស៊ី បានបញ្ជូនក្រុមធំជាងគេបង្អស់ ដែលមានសមាជិកចំនួនដល់ទៅ ១៣នាក់ ចំណែកឯពីឡុតមកពី ប៉ូឡូញ អូទ្រីស អាល្លឺម៉ង់ ចិន អ៊ុយក្រែន និងបេឡារុសផ្ទាល់ ក៏បានមកចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមយកមេដាយផងដែរ។
គួរជម្រាបថា កម្មវិធីអាកាសចរណ៍ប្រចាំឆ្នាំឈ្មោះថា ប្រូណេបូ (ProNebo) ក៏នឹងប្រារព្ធឡើងជាផ្នែក នៃព្រឹត្តិការណ៍ប្រកួតប្រជែងនេះផងដែរនាថ្ងៃទី២៨ និងទី២៩ ខែកក្កដា ខណៈអ្នកទស្សនានឹងបានមើលឃើញយន្តហោះ ព្រមទាំងបាឡុងជាង ៣០គ្រឿង ហើយការប្រណាំងឧទ្ធម្ភាចក្រត្រូវគេរំពឹងថា នឹងជាទស្សនីយភាពដ៏ពិសេសមួយនៃកម្មវីធីនោះ៕