(តេហេរ៉ង់)៖ កងទ័ពអ៊ីរ៉ង់កំពុងត្រៀមខ្លួនក្នុងកំរិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយ បន្ទាប់ពីមានការ ព្រមានពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមមេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់ ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
មេបញ្ជាការកំពូលនៃកងទ័ពអ៊ីរ៉ង់ លោក ម៉ូហាម៉េដ បាគែរី (Mohammad Baqeri) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសម្រង់សម្ដីមួយចេញផ្សាយដោយ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Baqeri បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់បានរក្សាការឯកភាពជាតិអស់រយៈពេល រាប់ទសវត្សរ៍មកហើយប្រឆាំងនឹងសត្រូវរបស់យើង ជាពិសេសគឺឧក្រិដ្ឋជនដូចជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ មួយវិញទៀតបច្ចុប្បន្ន កងទ័ពអ៊ីរ៉ង់ ក៏កំពុងត្រៀមខ្លួនក្នុងកំរិតខ្ពស់ផងដែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងទាំងឡាយ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Mohammad Baqeri កើតមានឡើងក្រោយសង្រ្គាមពាក្យសម្ដីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃអាទិត្យដោយលោក ដូណាល់ ត្រាំ ផ្ទាល់បានព្រមានចំៗថា អ៊ីរ៉ង់គួរតែបញ្ឈប់ការគំរាមកំហែងដាក់សហរដ្ឋអាមេរិក បើសិនជាចង់សុខខ្លួន៕