(អាមេរិក)៖ ស្ថានីយទូរទស្សន៍អាមេរិក CNN បានចេញផ្សាយខ្សែអាត់សំឡេងសម្ងាត់នៃការពិភាក្សារវាងលោក ដូណាល់ ត្រាំ ដែលកាលនោះនៅជាបេក្ខភាពប្រធានាធិបតីអាមេរិក និងមេធាវីរបស់លោក គឺលោក ម៉ៃខឺល ខូហិន (Michael Cohen) ជុំវិញមធ្យោបាយដើម្បីទិញយកសិទ្ធិ នៃរឿងរ៉ាវរបស់តារាម៉ូដែលទស្សនាវត្តី Playboy ម្នាក់ (បំបិទមាត់) ស្តីពីទំនាក់ទំនងស្នេហារបស់លោក ត្រាំ ជាមួយរូបនាងតាំងតែពីយូរមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយរបស់ CNN នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ខ្សែអាត់សំឡេងខាងលើនេះ បានបង្ហាញឲ្យសាធារណៈជនដឹងលឺនូវចំណុចចំនួននៃកិច្ចពិភាក្សាសម្ងាត់នេះរវាងលោក ដូណាល់ ត្រាំ និងលោក Cohen ហើយវាគឺជាភស្តុតាងជាក់ស្តែងថា លោក ត្រាំ ដែលបច្ចុប្បន្នកំពុងអង្គុយក្នុងសេតវិមាននោះ ពិតជាបានដឹងបានលឺអំពីសំណើនៃការទិញសិទ្ធិលើរឿងរ៉ាវរបស់នាង ការែន ម៉ាកឌួហ្គាល់ (Karen McDougal) ជាស្រ្តីម្នាក់ដែលបានអះអាងថា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក ដូណាល់ ត្រាំ តាំងតែពីមួយទសវត្សរ៍មកម្ល៉េះ។
ការទិញសិទ្ធិនេះ គឺចង់សំដៅទៅលើការបង្កើតកិច្ចព្រមព្រៀងមួយនាង Karen McDougal ដើម្បីកុំឲ្យរឿងរ៉ាវ ដែលនាងធ្លាប់ប្រព្រឹត្តជាមួយលោក ដូណាល់ ត្រាំ ត្រូវលេចធ្លាយជាសាធារណៈ មិនខុសពីអ្វីដែលធ្លាប់បានទម្លាយដោយតារាភាពយន្តអាសអាភាសមួយរូបទៀតគឺនាង ស្តរមី ដានីញែល (Stormy Daniel) នោះឡើយ។
យ៉ាងណាមិញ ខ្សែអាត់សំឡេងនេះពុំអាចត្រូវស្តាប់លឺច្បាស់ថា តើលោក ត្រាំ បានផ្តល់ការយល់ព្រម ចំពោះការទិញសិទ្ធិរឿងរ៉ាវខាងលើដែរ ឬក៏អត់នោះឡើយ។ ជាមួយគ្នានេះដែរលោក រូឌី ហ្គូលានី (Rudy Giuliani) ដែលជាមេធាវីរបស់លោកប្រធានាធិបតីបានឲ្យដឹងថា ពុំមានការទូទាត់ប្រាក់ណាមួយជុំវិញរឿងនេះ ត្រូវបានធ្វើឡើងពីសំណាក់លោក ដូណាល់ ត្រាំ ឡើយ។
គួរជម្រាបថា ខ្សែអាត់សំឡេងខាងលើ ដែលត្រូវបានថតដោយលោក Michael Cohen នោះត្រូវបានប្រគល់មកឲ្យស្ថានីយទូរទស្សន៍ CNN តាមរយៈមេធាវីរបស់លោក Cohen ហើយការជជែកគ្នានេះ បានកើតមានឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ពោលគឺនៅប៉ុន្មានខែមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក៕