(អាតែន)៖ អាជ្ញាធរក្រិក​បានប្រកាសកាន់ទុក្ខ​រយៈពេល ០៣ថ្ងៃ រាប់ចាប់ពី​ថ្ងៃអង្គារ​ម្សិលមិញ ខណៈចំនួនអ្នក​ស្លាប់ដោយសារ​ភ្លើងឆេះព្រៃនៅឯតំបន់ Attica ស្ថិតនៅក្បែរ​ទីក្រុងអាតែន​បានកើន​ឡើង​ដល់​ ៧៤នាក់ហើយ និង ១៨៧នាក់​ផ្សេងទៀត​​រងរបួស។ នេះបើតាម​​ការ​ចេញផ្សាយ​​ដោយ​សារព័ត៌មាន Channel News Aisa​​ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃ​បានកើតឡើងតាំងតែពី​រសៀលថ្ងៃចន្ទមកម្ល៉េះ ដោយវាបាន​បង្ខំឱ្យមនុស្ស​រាប់ពាន់ អ្នកត្រូវបង្ខំចិត្តចាក​ចេញពីផ្ទះ​សម្បែងរបស់ខ្លួន ព្រមទាំងបំផ្លាញ​ទ្រព្យសម្បត្តិអស់​ជាច្រើនផងដែរ។ មួយវិញទៀត​អាជ្ញាធរក្រិក បានក្រើនរំលឹក​ឱ្យប្រជាជន​នៅ ក្បែរតំបន់រងគ្រោះ​មានការប្រុង​ប្រយ័ត្នខ្ពស់ ដោយហេតុថា សីតុណ្ហភាព​បានកើនដល់ ៤០អង្សាសេ ស្របពេល​ក្រុមអ្នកពន្លត់ អគ្គីភ័យរាប់រយ​នាក់កំពុងតស៊ូប្រយុទ្ធ​ នឹងភ្លើងឆេះព្រៃ​ដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្រិក​អស់រយៈពេលរាប់​ទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រិក​ប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ​ គឺជាគ្រឿង​មហន្តរាយ និងសោកនាដកម្ម​សម្រាប់ជាតិ ប៉ុន្តែមកទល់​នឹងពេលនេះមិនទាន់មាន​ការបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួន​នៅឡើយ​ទេ៕