(ពិភពលោក)៖ តាមរយៈប្រវត្តិសាស្ត្របានឆ្លុះបញ្ចាំងឱ្យដឹងថា ប្រទេសចិន ធ្លាប់បានកសាងមហាកំពែងដ៏ល្បីល្បាញ នៅក្នុងរាជវង្សឈិន ក្នុងអំឡុងសតវត្សទី៣មុនគ្រឹស្តសករាជ ចាប់តាំងពីពេលនោះមក មហាអំណាចមួយនេះមិនធ្លាប់កសាងនិមិត្តរូបដែលបង្ហាញពីរបបការពារនិយមបែបនេះទៀតឡើយ។ ផ្ទុយទៅវិញបច្ចុប្បន្ន ប្រទេសចិន បែរជាព្យាយាម កសាងទំនាក់ទំនងល្អជាមួយពិភពលោក តាមរយៈការកសាងផ្លូវដែក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយបានបង្កប់ខ្លួននៅក្នុងចំណុចកណ្តាល នៃបេះដូងពាណិជ្ជកម្មពិភពលោក។
និយាយពីសហរដ្ឋអាមេរិកដែលកន្លងមក ធ្លាប់តែកាន់ដំណែងជាចាស់ទុំម្នាក់របស់ពិភពលោក ប៉ុន្តែបច្ចុប្បន្នសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ហាក់ធ្វើឱ្យមហាអំណាចមួយនេះក្លាយជាតួអង្គក្មេងម្នាក់ ដែលផ្លាស់ប្តូរចិត្តទៅតាមការនឹកឃើញដោយគ្មានគោលការណ៍ច្បាស់លាស់ ទាល់តែសោះ។ គោលនយោបាយ ជាច្រើនត្រូវបានផ្លាស់ប្តូរពីសទៅខ្មៅ។ ដោយសារខួរក្បាលជាអ្នកធ្វើអាជីវកម្មរកស៊ី ហេតុនេះគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្តោតសំខាន់តែរឿងចំណេញ ដោយគ្មានការចំណាយ ឬចំណាយតិចបំផុត។ ជាក់ស្តែងដូចជា ការដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP គម្រោងចង់ដកខ្លួនចេញពីអង្គការណាតូ ការដកជំនួយចេញពីគម្រោង ទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាដើម។
ក្រៅពីនោះ អាមេរិកបានបង្កើតយុទ្ធសាស្ត្រតម្លើងពន្ធដាប្រឆាំងប្រទេស ចិន បង្កភាពល្អកករក្នុងទំនាក់ទំនងជាមួយហ្វីលីពីនដែលធ្លាប់ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ ការកសាងរបងខណ្ឌចែកប្រទេសម៉ិចស៊ិកូ ការបង្កភាពរកាំរកូសជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងលិច ការអនុវត្តន៍នយោបាយលុបបំបាត់ជនអន្តោប្រវេសន៍ ដែលបំបែកបំបាក់ឪពុកម្តាយចេញពីកូនតូចជាដើម ដែលទាំងនេះសុទ្ធតែជាការបង្កភាពទាស់ចិត្តជាខ្លាំងពីសំណាក់អន្តរជាតិ។ រដ្ឋបាលរបស់លោក ដូណាល់ត្រាំ បានសម្រេចចិត្តក្នុងការកំណត់ពន្ធលើប្រទេសចិន តាមរយៈមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។
ជម្លោះពាណិជ្ជកម្ម អាម៉េរិក-ចិន បានកើតឡើងស្របពេលដែលភាគីទាំងសងខាង កំពុងប្រណាំងប្រជែងគ្នា ដើម្បីពង្រីកឥទ្ធិពលទូទាំងសកលលោក។
ប្រព័ន្ធពាណិជ្ជកម្មអន្ដរជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍ ពាណិជ្ជកម្មសេរី។ ដោយឡែកសម្រាប់វិធានការឯកតោភាគី ដែលប្រទេសមួយចំនួនបង្កើតឡើងដើម្បីទប់ទល់នឹងប្រទេសមួយផ្សេងទៀត គឺផ្ទុយនឹងគោលការណ៍ពាណិជ្ជកម្មសេរី។
សូមជម្រាបថា សហរដ្ឋអាមេរិក គឺជាសមាជិកស្ថាបនិកនៃអង្គការ WTO ចំណែកប្រទេសចិនវិញ ទើបតែបានចូលជាសមាជិកអង្គការនេះកាលពីឆ្នាំ២០០១ បន្ទាប់ពីការចរចាអស់រយៈពេល១៥ឆ្នាំ។ នៅពេលនោះ ប្រទេសចិនមានសេដ្ឋកិច្ចដែលមានមូលដ្ឋានពឹងផ្អែកលើវិស័យឧស្សាហកម្ម ហើយពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម។ ប្រទេសមួយនេះ មិនទាន់រឹងមាំទាំងក្នុងវិស័យពាណិជ្ជកម្ម ទាំងក្នុងវិស័យបច្ចេកវិទ្យាខ្ពស់នៅឡើយទេ។
ប៉ុន្តែអ្វីៗបានប្រែប្រួលគួរឱ្យកត់សម្គាល់ ប្រទេសចិនបានដកខ្លួនចេញពីដំណាក់កាលអន្តរកាលរបស់ខ្លួនក្នុងអង្គការ WTO ហើយក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០១១។ ប្រទេស ចិន បានផ្លាស់ប្តូរខ្សែសង្វាក់សេដ្ឋកិច្ច ដើម្បីប្រែក្លាយជាសេដ្ឋកិច្ចដែលមានតុល្យភាពជាងមុន ទាំងក្នុងពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម។
ខណៈដែលសេដ្ឋកិច្ចរីកចម្រើន ឥរិយាបទរបស់ចិនក្នុងនាមជាសមាជិករបស់អង្គការ WTO ក៏មានការផ្លាស់ប្តូរផងដែរ។ ប្រទេស ចិន កាន់តែសកម្ម និងមានសិទ្ធក្នុងការបញ្ចេញសំឡេងកាន់តែច្រើនក្នុងការបកស្រាយ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្ម។ ដោយធ្លាប់រងភាពឈឺចាប់ដែលត្រូវបានគេបោះបង់តួនាទីក្នុងការបង្កើតច្បាប់ពាណិជ្ជកម្មសកលមុនពេលចូលជាសមាជិកអង្គការ WTO នោះ ប្រទេសចិនមានឆន្ទៈចង់ចាប់យកឱកាសថ្មីនេះ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន នៅក្នុងអង្គការ WTO ជាស្ថាប័នដែលគ្រប់គ្រងពាណិជ្ជកម្មពិភពលោកមួយនេះ។
យើងអាចមើលឃើញពីការផ្លាស់ប្តូរឥរិយាបថរបស់ចិន តាមរយៈរបៀបការដោះស្រាយបញ្ហារបស់ចិន កាលពីមុន និងក្នុងពេលបច្ចុប្បន្ន ដោយការប្រែក្លាយខ្លួនពីសមាជិកដែលបង្ហាញតែប្រតិបត្តិកម្ម ទៅជាអ្នកចូលរួមដ៏សកម្មវិញម្តង។
បំលាស់ប្តូរនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរ នៅក្នុងការចរចាពាណិជ្ជកម្មដូហា រវាងបណ្តារដ្ឋជាសមាជិករបស់អង្គការ WTO ដោយពេលនោះប្រទេសចិន រួមជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត បានក្លាយជាម្ចាស់សម្លេងដ៏សំខាន់ នៅក្នុងការចរចារបង្កើតច្បាប់ពាណិជ្ជកម្ម តែនៅទីបំផុតត្រូវជាប់គាំង បញ្ហាគឺដោយសារមិនអាចព្រមព្រៀងជាមួយមហាអំណាចសហរដ្ឋអាមេរិកលើវិបត្តិជាច្រើន។
ភាពជាប់គាំងនេះ បង្កឱ្យប្រទេសជាច្រើនរសាយចិត្តចេញពីកិច្ចចរចា ដូហា របស់អង្គការ WTO ដោយងាកទៅផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់វិញម្តង ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ជាដើម។
លោក ស៊ីជីន ពីង បានផ្ដើមបង្កើតគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (BRI) កាលពីឆ្នាំ២០១៣កន្លងទៅនេះ ដើម្បីធានាដល់ផ្លូវពាណិជ្ជកម្មរបស់ខ្លួននៅទូទាំងអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ វាជាផ្នែកមួយនៃផែនការដ៏ធំក្នុងការកសាង ប្រទេសចិន កា្លយជាប្រទេសដ៏រឹងមាំ និងជាប្រទេសអ្នកមាន ដែលជាផ្នែកមួយនៃគោលនយោបាយមួយចំនួនដូចជា «ក្តីសុបិនប្រទេសចិន» និង «គោលដៅពីរសតវត្សរ៍ជាដើម»។
ក្រៅពីការដោះស្រាយភាពអសកម្មនៃសេដ្ឋកិច្ចប្រទេសហើយនោះ គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក៏បានបង្កើតចំណងទំនាក់ទំនងរវាងប្រទេស ចិន និងប្រទេសដែលពាក់ព័ន្ធចំនួន៧៦ប្រទេសផ្សេងទៀត ដែលអនុញ្ញាតឱ្យ បទដ្ឋាន និងបទបញ្ជា របស់ប្រទេសចិន ត្រូវបានគេយកចិត្តទុកដាក់ និងទទួលស្គាល់លើបណ្តាញអន្តរជាតិ។
លើសពីនេះទៅទៀត យុទ្ធសាស្ត្ររដ្ឋាភិបាលចិន ដែលមានឈ្មោះថា «Made in China 2025» ជាការផ្តួចផ្ដើមក្នុងការជម្រុញចង្វាក់សេដ្ឋកិច្ច តាមរយៈផ្លាស់ប្តូរពីការផលិតនូវ ផលិតផលដែលមានតម្លៃទាប គុណភាពអន់ ទៅជាទំនិញប្រកបដោយបច្ចេកវិទ្យាខ្ពស់។ គោលដៅនេះ ទំនងជាអាចធ្វើឱ្យសហរដ្ឋអាមេរិចមានក្តីបារម្ភ ព្រោះប្រទេសចិន អាចនឹងក្លាយជាគូប្រជែងខាងសេដ្ឋកិច្ចដោយផ្ទាល់។
និន្នាការពាណិជ្ជកម្មទាំងនេះ ត្រូវបានពង្រឹងកាន់តែរឹងមាំនាពេលថ្មីៗនេះ។ រដ្ឋាភិបាល ក្រុងប៉េកាំង បានចេញសេចក្តីប្រកាសពីរបាយការណ៍របស់ខ្លួនស្តីពីអង្គការ WTO ព្រមទាំងបានបង្កើតតុលាការពាណិជ្ជកម្មអន្ដរជាតិចំនួន២ នៅទីក្រុង Shenzhen និង Xian កាលពីខែមិថុនា កន្លងទៅនេះ ដែលបានដើរតួនាទីនាំមុខគេក្នុងពាណិជ្ជកម្មពិភពលោក។
យុទ្ធសាស្ត្រដែលប្រទេសចិន បានស្នើសម្រាប់ការបង្កើតគោលការណ៍ច្បាប់ពាណិជ្ជកម្ម គឺបង្ហាញការគាំទ្រចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាហេតុធ្វើអោយប្រទេសចិន ទទួលបានប្រជាប្រិយភាព។ ដូច្នេះខណៈដែលសហរដ្ឋអាមេរិកកសាងជញ្ជាំងនៃរបបការពារនិយម រដ្ឋាភិបាលចិន បែរជាផ្តោតលើការកសាងស្ពានចំណងទំនាក់ទំនង ជាមួយបណ្តាប្រទេសនានាទូទាំងពិភពលោក តាមរយៈស្ថាប័ន អង្គការអន្តរជាតិដែលមានស្រាប់ និងតាមរយៈការបង្កើតស្ថាប័ន ឬបង្កើតគំនិតផ្តួចផ្តើមដោយខ្លួនឯង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា