(ម៉ូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានទទួលការអញ្ជើញមួយពីសហរដ្ឋអាមេរិកសម្រាប់លោកប្រធានា ធិបតីរុស្ស៊ី ពូទីន ចូលរួមក្នុងជំនួបបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅដំណាច់ ឆ្នាំ២០១៨នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានព្រមព្រៀងគ្នាលើភាព ចាំបាច់នៃការរៀបចំជំនួបមួយផ្សេងទៀតរវាងលោកត្រាំ និងលោក ពូទីន បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីសប្ដាហ៍មុន។
តែយ៉ាងណាក៏ដោយ រុស្ស៊ីមិនទាន់ត្រៀមខ្លួនសម្រាប់ការរៀបចំជំនួបថ្មីណាមួយនៅឡើយទេ។ លោក Ushakov បានគូសបញ្ជាក់ ដូច្នេះថា៖«វានៅមានជម្រើសផ្សេងទៀតក្នុងការរៀបចំជំនួបរវាងមេដឹកនាំពួកយើង...ប្រហែលជាវាអាចនឹងកើតឡើងនៅក្នុង ព្រឹត្តិការណ៍អន្តរជាតិដែលលោកត្រាំ និងលោកពូទីន ត្រូវចូលរួមក៏ថាបាន»៕