(អាតែន)៖ អាជ្ញាធរក្រិក បានឱ្យដឹងថាភ្លើងឆេះព្រៃ​ដែលកំពុងលុកលុយលើតំបន់ Attica ស្ថិតនៅក្បែរទីក្រុងអាតែន បាន​សម្លាប់ ​មនុស្ស​កើន​ឡើង​ដល់​៦០នាក់ហើយ ខណៈជាង១៥០នាក់ផ្សេងទៀត​រងរបួស។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅយប់ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ក្រិក​ បានបញ្ជូនក្រុមអ្នកពន្លត់​អគ្គីភ័យរាប់រយនាក់ទៅកាន់តំបន់​រងគ្រោះ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងជួយជម្លៀស ប្រជាជននៅក្បែរ​ទីក្រុងអាតែន ទៅកាន់ទីទួលមាន​សុវត្ថិភាព។ ដោយឡែក នៅក្នុងចំណោមជនរងគ្រោះ៦០នាក់ខាងលើក៏មាន ទាំងកុមារ ដែលបានស្លាប់ដោយសារតែភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្រិក អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា ដោយសារតែ​ភ្លើងឆេះព្រៃនេះ​ នាយករដ្ឋមន្ត្រី​ក្រិក លោក អាឡិចស៊ីស តាស៊ីប្រាស់ (Alexis Tsipras) បានលុប ចោល​ដំណើរទស្សនកិច្ច​ទៅ​កាន់ប្រទេសបូស្នី ដើម្បីជួយសម្របសម្រួល​ប្រតិបត្តិការ​ជួយសង្រ្គោះ និងស្វែងរកជំនួយ​ពីអន្តរជាតិ។ លោក តាស៊ីប្រាស់ ក៏បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃផងដែរ៕