(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរ​នៅប្រទេសឡាវ​បានឲ្យដឹងនាថ្ងៃអង្គារនេះថា មនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន​ ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ និងជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា៕

២៖ អាជ្ញាធរក្រិកនៅល្ងាចថ្ងៃអង្គារនេះ​បានឱ្យដឹងថា ភ្លើងឆេះព្រៃ​ដែលកំពុងវាយលុក​ស្ទើរទាំងទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស​កើន​ឡើង​ដល់​ ៥០នាក់ និងជាង ១៥០នាក់ផ្សេងទៀត​រងរបួស៕

៣៖ ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ បានជម្រុញ​ជាថ្មីឱ្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា​បង្កើនកិច្ចខិត​ខំប្រឹងប្រែង​ដោយជួយ សម្រួលឱ្យ​ជនជាតិដើម​ភាគតិច​រ៉ូហ៊ីងយ៉ា អាចត្រឡប់​ទៅផ្ទះសម្បែងរបស់ពួក​គេ​វិញក្នុងរដ្ឋ Rakhine ដោយ​សុវត្ថិភាព និងស័្មគ្រ ចិត្ត៕

៤៖ រលកកម្ដៅនៅ​ក្នុងប្រទេសជប៉ុន បានផ្ដាច់យកអាយុ​ជីវិតមនុស្សកើន​ដល់ ៧៧នាក់ហើយ ខណៈមនុស្ស​រាប់ពាន់នាក់កំពុង សម្រាក​ព្យាបាលនៅក្នុង​មន្ទីរពេ​ទ្យ ដែលនេះ​ជាគ្រោះមហន្តរាយដាច់ដោយឡែក ពីគ្រោះទឹក​ជំនន់​កាលពីពេល​​ថ្មីៗនេះ នៅ​បណ្តា​ខេត្តភាគខាងលិចជប៉ុន ដែល​បានសម្លាប់មនុស្ស​ជាង ២០០នាក់៕

៥៖ យាន​អវកាស Orion Capsule របស់​អង្គការ NASA កំពុង​ត្រូវ​​ដាក់​​តាំង​បង្ហាញ​​​ក្នុង​សួន​ច្បារ​ភាគ​ខាង​ត្បូង​នៃសេតវិមាន​ ដោយវាគឺ​ជាផ្នែកមួយនៃ​ការតាំងពិព័រណ៍​ផលិតផលរបស់​អាមេរិក​ប្រចាំឆ្នាំ ដែលត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ផ្ទាល់៕

៦៖ កូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមបិទផ្នែកមួយនៃទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែតដ៏សំខាន់នៅភាគអាគ្នេយ៍ ប្រទេស ជាកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន៕