(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាដកហូតសិទិ្ធ Security Clearance (សិទ្ធិទទួលបានពត៌មានសម្ងាត់របស់រដ្ឋ និងចេញ-ចូលកន្លែងហាមឃាត់នានា ក្រោយពីមានការត្រួតពិនិត្យប្រវត្តិយ៉ាងល្អិតល្អន់បំផុត) របស់អតីតមន្រ្តីចារកម្មអាមេរិកចំនួន ០៦រូប ដែលធ្លាប់បម្រើការងារក្នុងសម័យអតីតរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders ក្រុមមន្រ្តីខាងលើបានប្រើប្រាស់សិទ្ធិអតីតតួនាទី និងឯកសិទ្ធិរបស់ពួកគេ ដើម្បីបម្រើរឿងនយោបាយ និងក្នុងករណីខ្លះទៀតដើម្បីរកប្រាក់ចំណូលថែមទៀត។ លោកស្រី Sanders បានលើកឡើងថា «ការធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន អំពីការលួចទាក់ទងជាមួយប្រទេសរុស្ស៊ី និងរងឥទ្ធិពលពីរុស្ស៊ី ប្រឆាំងនឹងលោកប្រធានាធិបតីនោះ គឺជារឿងពុំត្រឹមត្រូវជាខ្លាំង ហើយបុគ្គលដែលកាន់សិទ្ធិ Security Clearance កំពុងធ្វើការចោទប្រកាន់ទាំងអស់នេះ គឺជារឿងកាន់តែមិនសមរម្យជាងនេះទៅទៀត។
បើតាមលោកស្រី Sanders ក្នុងចំណោមមន្រ្តីខាងលើ រួមមានអតីតប្រធានទីភ្នាក់ងារចារកម្ម CIA លោក John Brenna និង Micheal Hayden, អតីតនាយកទីភ្នាក់ងារ FBI លោក James Comey, អតីតរដ្ឋមន្រ្តីក្រសួងស៊ើបការណ៍សម្ងាត់ លោក James Clapper, អតីតទីប្រឹក្សាសន្តិសុខជាតិ លោកស្រី Susan Rice, និង អតីតនាយករង FBI លោក Andrew McCabe។
គួរជម្រាបថា នៅក្រោយជំនួបជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិក ដោយក្នុងជំនួបនោះ មេដឹកនាំអាមេរិករូបនេះ ហាក់ដូចជាបានកាន់ជើងរុស្ស៊ី ហើយនិយាយបន្ទាបបន្ថោកក្រុមចារកិច្ចរបស់ប្រទេសខ្លួន ជុំវិញបញ្ហាថាតើរុស្ស៊ីបានលូកលាន់កិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ដែរឬក៏អត់នោះ។
ក្នុងចំណោមអ្នកដែលរិះគន់ខ្លាំង ចំពោះការបង្ហាញគោលជំហររបស់លោក ត្រាំ គឺលោក Brennan ដែលបានលើកឡើងជាសាធារណៈថា ទង្វើរបស់លោក ត្រាំ នៅអំឡុងការធ្វើសន្និសីទជាមួយលោក ពូទីន គ្មានខុសអ្វីពីការក្បត់ជាតិឡើយ។ ជុំវិញរឿងនេះដែរ លោកស្រី Sanders បានទាត់ចោលមន្ទិលសង្ស័យដែលថា ការដកឯកសិទ្ធិពិសេសខាងលើរបស់ក្រុមមន្រ្តីទាំង ០៦រូប គឺជាការសងសឹកប្រឆាំងនឹងពាក្យសម្តីរិះគន់ តែផ្ទុយទៅវិញគឺដើម្បីទប់ស្កាត់មន្រ្តីទាំងនោះ កុំឲ្យដើរប្រើសិទ្ធិពិសេសៗរបស់ពួកគេ ទៅបម្រើនយោបាយ និងរកចំណូល៕