(វៀងច័ន្ទ)៖ អាជ្ញាធរ​នៅប្រទេសឡាវ​បានឲ្យដឹងនាថ្ងៃអង្គារនេះថា មនុស្សមួយចំនួន​បានបាត់បង់ជីវិត ហើយខ្ទង់រយនាក់​ត្រូវគេ​រាយ​ការណ៍​ថា ​​បាន​បាត់ខ្លួន​ ក្រោយពីទំនប់វារីអគ្គិសនីមួយកន្លែង បានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍​ប្រទេសឡាវ និងជាប់ព្រំដែន​ខេត្តស្ទឹងត្រែង​ព្រមទាំងខេត្ត​រតនៈគិរី ភាគឦសាន​នៃប្រទេស​កម្ពុជា។ នេះបើតាម​ការ​ដក​ស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន Fox News នៅល្ងាច​ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ទំនប់ខាងលើត្រូវ​បានគេរាយការណ៍ថា បានបញ្ចេញទឹក​យ៉ាងជន់ជោរ ទំហំ​​ប្រមាណ ០៥ពាន់លានម៉ែត្រគូប នៅក្នុងសង្កាត់សានសៃ (San Sai) នៃ​ខេត្តខាងលើ ខណៈអាជ្ញាធរ​បាន​ចេញ​ប្រតិបត្តិការជាបន្ទាន់ ដើម្បីជម្លៀស​មនុស្សចេញ។

គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់​ឡើង​​ដោយគម្រោង​រួមគ្នាមួយ ដឹកនាំដោយ​បណ្តាញ​​ក្រុមហ៊ុនកូរ៉េខាងត្បូង សហការជាមួយ​​ថៃ និងឡាវ។ ទំនប់​នេះ ត្រូវបានគេគ្រោង​នឹងបើកសម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិន​ទាន់ច្បាស់​នៅ​ឡើយទេ​ថា តើ​វាបានចាប់ផ្តើមប្រតិបត្តិការ​ហើយ ឬនៅនោះឡើយ មុនហេតុការណ៍​ទំនប់នេះកើតឡើង៕