(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជម្រុញជាថ្មីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបង្កើនកិច្ចខិតខំប្រឹងប្រែង ដោយជួយសម្រួលឱ្យជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញក្នុងរដ្ឋ Rakhine ដោយសុវត្ថិភាព និងស័្មគ្រ ចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទា្វរមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ហើយនាឱកាសនោះសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ ក៏បានស្នើផងដែរឱ្យមានការផ្ដល់ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបន្ថែម ក៏ដូចជាការជួយសម្រួល និងធ្វើយ៉ាងណាអាចឱ្យជនជាតិរ៉ូហ៊ីងយ៉ា ត្រឡប់ទៅផ្ទះរបស់ពួកគេក្នុងរដ្ឋ រ៉ាឃីន (Rakhine) វិញ។
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាចោទប្រកាន់ថា បានវាយប្រហារលើយោធារបស់ខ្លួន ជាហេតុបង្ខំឱ្យយោធាត្រូវតែធ្វើប្រតិបត្តិការឆ្លើយតប ដើម្បីការពារជនស៊ីវិល។ ប៉ុន្តែទន្ទឹមគ្នាក្រុមអង្គការសិទ្ធិមនុស្សជាច្រើនបានចោទថា យោធាមីយ៉ាន់ម៉ា បានចូលរួមក្នុងការរៀបចំផែនការ សម្លាប់ជនជាតិដើមភាគតិចកំសត់ជាងគេ នៅលើពិភពលោកមួយនេះជាប្រព័ន្ធ និងបង្ខំឱ្យមនុស្សជាង ៧០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់តំបន់ព្រំដែន ជាប់ប្រទេសបង់ក្លាដែស៕