(ហាណូយ)៖ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច សុនទិញ (Son Tinh) បានសម្លាប់មនុស្សកើនឡើងដល់ ២៧នាក់ហើយ ខណៈមនុស្ស០៧នាក់ទៀតបាត់ខ្លួន និង២៦នាក់រងរបួស នៅឯតំបន់ភាគកណ្ដាល និងភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមអាជ្ញាធរវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃអង្គារនេះបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ២៧នាក់ មាន ១៣នាក់ ជាអ្នកស្រុករស់នៅក្នុងខេត្តយេនបៃ (Yen Bai), ០៦នាក់រស់នៅក្នុងខេត្តសុនឡា (Son La), ០៣នាក់មកពីខេត្តភូថូ (Phu Tho), ០៣នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលនៃប្រទេស, ម្នាក់ទៀតមកពីខេត្តហាវប៊ិញ (Hoa Bin) និងម្នាក់ទៀតមកពីខេត្តឡាវកៃ (Lao Cai)។
ចំណែកឯអ្នកបាត់ខ្លួន ០៧នាក់ ក្នុងនោះមាន ០៤នាក់រស់នៅក្នុងខេត្ត Yen Bai, ០២នាក់នៅក្នុងខេត្ត Thanh Hoa, និងម្នាក់នៅក្នុងខេត្ត Phu Tho។
គួរជម្រាបថា បើតាមអាជ្ញាធវៀតណាមផ្ទះ ២៤៣ខ្នងត្រូវបានបំផ្លាញ ហើយ ៦,៩០០ខ្នងត្រូវជន់លិច ខណៈសត្វពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើនជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង៨១,០០០ហិកតាត្រូវជន់លិចផងដែរ៕