(អាមេរិក)៖ រឿងហេតុមួយ​បានបង្កភាព​ចម្រូងចម្រាសមួយប្រាវ នៅក្នុងរដ្ឋហ្សកហ្ស៊ី (Goergia) នៃសហរដ្ឋអាមេរិក តាម​រយៈ​ឃ្លីប​វីដេអូ​មួយ​​បង្ហោះ​​នៅ​​លើ​បណ្តាញ​​សង្គម Facebook ដែលបង្ហាញឲ្យ​ឃើញពីសកម្មរបស់កងកម្លាំង​ប៉ូលិសអាមេរិក សង្កត់ក្មេង​ប្រុសស្បែកខ្មៅ​ម្នាក់ទៅ​លើ​ដី​។ នេះបើ​តាមដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

បើតាមនារី​ម្នាក់ឈ្មោះ អារៀល ខូលលីនស៍ (Ariel Collins) ជាអ្នកបង្ហោះវីដេអូ និងបានអះអាងថា ខ្លួនជាបងស្រី​ជីដូនមួយរបស់​កុមារា​​ខាងលើ ក្មេងប្រុស​ម្នាក់​នោះ ​គឺគ្រាន់តែចង់ព្យាយាមនិយាយ​ជាមួយឪពុករបស់គេ ដែលទើបត្រូវបានប៉ូលិសឃាត់ខ្លួនប៉ុណ្ណោះ។

នាង Collins បាន​ប្រើ​ពាក្យ​ធ្ងន់​សំដៅលើប៉ូលិស និងបាននិយាយថា នៅពេលរូបនាង​ទាញទូរស័ព្ទដើម្បី​ថតសកម្មភាព​ខាងលើនោះ ប៉ូលិសថែម​ទាំង​បាន​រុញ​ប្អូន​ជី​ដូន​មួយ​​​​​របស់​នាងខ្ទប់នឹងរថយន្ត​​របស់ពួកគេ ខណៈពេល​ដែល​​កុមារម្នាក់នោះ ព្យាយាមនិយាយ​ជាមួយឪពុក ដែលស្ថិត​ក្នុងរថយន្ត។ ប៉ូលិស​​បានឲ្យ​ដឹងថា ក្មេងប្រុសម្នាក់នោះ​មានអាយុ ១០ឆ្នាំ ប៉ុន្តែនាងវិញ Collins បានអះអាងថា​គេអាយុត្រឹម​ ០៧ឆ្នាំប៉ុណ្ណោះ។

គួរជម្រាបថា បើតាមការ​បកស្រាយ​ពីប៉ូលិស តាមរយៈសេចក្តី​ថ្លែងការណ៍ ដែលចេញ​​នៅប៉ុន្មានម៉ោង​​ក្រោយការបង្ហោះ​​​​​វីដេអូខាងលើ រឿងហេតុដំបូង​គឺប៉ូលិសបានចុះឃាត់ខ្លួន ឪពុករបស់ក្មេងប្រុស​ខាងលើ ដែលជាប់សង្ស័យ​ក្នុងករណីប្រើអំពើហិង្សា​ក្នុង​គ្រួសារ​​​ ប៉ុន្តែ​ភ្លាមៗ​កុមារវ័យ ១០ឆ្នាំរូប​នោះ ក៏បានចាប់ផ្តើម​មានអារម្មណ៍​ឆេវឆាវជាខ្លាំង ​​ហើយសមាជិកគ្រួសារ​ឃាត់មិនឈ្នះ រហូតដល់ថ្នាក់​រត់បំបុក​មន្រ្តីប៉ូលិសម្នាក់ ដែលធ្វើឲ្យ​ពួកគេទាំងពីរ​នាក់​ជ្រុលទៅខ្ទប់នឹង​រថយន្តប៉ូលិស។

​ក្រោយមកទើប​ប៉ូលិស សម្រេច​សង្កត់ក្មេង​ខាង​លើ​​​ផ្ទាល់នឹងដី ដើម្បីព្យាយាមឲ្យ​គេរំងាប់​អារម្មណ៍។ ចុងក្រោយនៅពេល​ក្មេងម្នាក់នោះ ស្ងប់អារម្មណ៍ហើយ គេក៏បានសុំប៉ូលិស​និយាយ​ជាមួយឪពុក ខណៈប៉ូលិសក៏បាន​ផ្តល់ការអនុញ្ញាត​តាមសម្រួល៕