(តូក្យូ)៖ រលកកម្ដៅនៅក្នុងប្រទេសជប៉ុន បានផ្ដាច់យកអាយុជីវិតមនុស្សកើនដល់ ៧៧នាក់ហើយ ខណៈមនុស្សរាប់ពាន់នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលនេះជាគ្រោះមហន្តរាយដាច់ដោយឡែក ពីគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះ នៅបណ្តាខេត្តភាគខាងលិចជប៉ុន ដែលបានសម្លាប់មនុស្សជាង ២០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ (Kyod) នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន សីតុណ្ហភាពនៅគូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃតាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់កំណត់ត្រាដ៏ខ្ពស់នោះគឺ ៤១.១អង្សាសេ កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ ហើយគិត ត្រឹមព្រឹកម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ សីតុណ្ហភាពនៅតែមានកម្រិតខ្ពស់ដដែល គឺ ៣៤.៨ អង្សាសេនៅទីក្រុងគូវ៉ាណា (Kuwana) ខេត្តមីអិ (Mie) និង ៣៨ អង្សាសេនៅទីក្រុងណាហ្គោយ៉ា (Nagoya) និងទីក្រុងក្យូតុ (Kyoto)។
ទីភ្នាក់ងារសារព័ត៌មាន Kyodo ផ្អែកលើរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងមហន្តរាយ និងអគី្គភ័យក៏បានឱ្យដឹងដែរថា រលកកម្ដៅក៏បានធ្វើឲ្យមនុស្ស ៣០,០០០នាក់ ចូលសម្រាកព្យាបាលក្នុងមន្ទីពេទ្យ នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី២៤ ខែកក្កដានេះ។
គួរបញ្ជាក់ថា ក្រុមអជ្ញាធរជប៉ុនបានទទូចឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការឈឺថ្កាត់ផ្សេងៗ ដែលអាចបង្កឡើងដោយសាររលកកម្តៅនេះ ដូចជាការឡើងកម្តៅខ្លាំងក្នុងរាងកាយ និងខ្សោះជាតិទឹកជាដើម៕