(សាន់ហ្វ្រាន់ស៊ីស្កូ)៖ Alphabet ដែលជា​ក្រុមហ៊ុនគ្រប់គ្រោង​ពីលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google របស់​អាមេរិក​បានប្រកាស​ឲ្យ​ដឹង​​ពីការរកចំណូល​បានដ៏ច្រើនសន្ធឹកសន្ធាប់​របស់ខ្លួន គឺដល់ទៅ ៣២.៧ពាន់លានដុល្លារ នៅត្រីមាសទី ២ នាឆ្នាំ២០១៨នេះ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងចំណោម​​ប្រាក់ចំណូលត្រីមាសទី ២ ដែលបានកើនឡើង​ក្នុងអត្រា ២៦ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំ២០១៧ ​​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​របស់ក្រុមហ៊ុន Google បានចូលរួមចំណែក​យ៉ាងធំធេងលើសគេ គឺក្នុងចំនួន ២៨ពាន់លានដុល្លារ នៅត្រីមាស​ទី​ ២ នេះ។

ជាមួយគ្នានេះ Google បានបង្កើតការងារ​បន្ថែមប្រមាណ ៤,០០០កន្លែង ពីត្រីមាសទី ១ និងចំនួនបុគ្គលិក​សរុបរបស់ខ្លួន​បានកើនដល់ជិត ៩០,០០០នាក់ គឺកើន ១៧ភាគរយ ពី​ឆ្នាំមុន​ដែលមានបុគ្គលិក ៧៥,៦០៦នាក់។

គួរជម្រាបថា ​ដោយសារការ​រកចំណូលបានដ៏លើស​លប់ នៅក្នុងត្រីមាស​ទី ២ ឆ្នាំ២០១៨នេះ តម្លៃក្នុងទីផ្សារហ៊ុនរបស់ Alphabet បានលោត​ដល់​ ៨៦៥ដុល្លារ ដែលបានជា​ហេតុជួយជ្រោមជ្រែង​ឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​នេះ បោះជំហាន​កាន់តែជិតថែមទៀត ដើម្បីក្លាយខ្លួន​ជា​ក្រុមហ៊ុនដែលមាន​តម្លៃខ្ទង់ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ)៕