(ចិន)៖ នៅប្រទេសចិន បដិវត្តឌីជីថល កំពុងរីកសាយដល់ផ្សារទំនើបបែបប្រពៃណីទូទាំងប្រទេសទៅហើយ។ តាំងពីចុងឆ្នាំ ២០១៧មក អ្នកលក់ទំនិញរាយតាមអនឡាញមួយចំនួននៅចិន កំពុងបើកហាង ដើម្បីបំលែងផ្សារទំនើបឌីជីថលនៅប្រទេសចិន ឱ្យក្លាយទៅជាឧស្សាហកម្មមិនតាមអនឡាញវិញ។
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនចិនលក់ទំនិញរាយ ស៊ូនីង (Suning) បានប្រកាសថា ខ្លួននឹងបើកហាងលក់គ្រឿងទេស Su Fresh ចំនួន៥០កន្លែង។ ឯក្រុមហ៊ុនអាលីបាបាវិញ មានផែនការលម្អិតចង់បើកហាងលក់គ្រឿងទេស ហ័រ ម៉ា (He Ma) ចំនួន១០០កន្លែង។ ក្រុមហ៊ុន JD.com មានមហិច្ឆតារឹតតែធំជាងនេះទៅទៀត ដោយប្រកាសថានឹងបើកហាងទំនិញ 7-Fresh ចំនួន១ពាន់កន្លែង នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ផ្សារទំនើបដែលកំពុងដំណើរ បានចាប់ផ្តើមសម្របខ្លួន ទៅតាមការប្រកួតប្រជែងថ្មីនេះហើយ។
ផ្សារ ឡឺ ម៉ាច (Le Marché) គឺជាដំណោះស្រាយរបស់ក្រុមហ៊ុន ឃែរហ្វរ (Carrefour) ចំពោះស្ថានភាពទីផ្សារលក់រាយថ្មីនៅប្រទេសចិន។ ដោយសហការជាមួយក្រុមហ៊ុនធែនស៊ែន អតិថិជនផ្សារ ឡឺ ម៉ាច អាចទិញទំនិញ ស្កេន និងប្រើកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទWeChatបាន។
កញ្ញា ស៊ូ អតិថិជនមួយរូបបានថ្លែងថា «មានគេប្រាប់ខ្ញុំថា ហាងមួយនេះមានសេវាស្គែនពេលបង់ប្រាក់។ ខ្ញុំបានសាកល្បងប្រើវា ហើយវាពិតជាស្រួលប្រើមែន។ យើងគ្រាន់តែស្គែនកូនហើយបង់ប្រាក់ វាក៏រួចស្រេចបាត់ទៅហើយ។ វាដូចជាយើងធ្វើជាអ្នកគិតលុយដោយខ្លួនឯងអញ្ជឹង។ ពិតជាស្រួលប្រើមែន»។
អតិថិជនក៏អាចប្រើបច្ចេកវិទ្យា សម្គាល់មុខ ជាមួយកម្មវិធី WeChat ដែលភ្ជាប់ជាមួយក្រុមហ៊ុន ឃែរហ្វរ ផងដែរ។
លោក វ៉ាង អតិថិជនមួយរូបបាននិយាយថា «ខ្ញុំមិនដែលបានសាកប្រើកម្មវិធីស្គែនមុខ ពេលទូទាត់ប្រាក់ទេ។ តែខ្ញុំប្រាកដជាសាកប្រើវា នៅថ្ងៃក្រោយ»។
អ្វីដែលនៅពីក្រោយបទពិសោធន៍ថ្មីនៃការទិញទំនិញនេះ គឺជាប្រព័ន្ធឌីជីថលមួយដែលមានថាមពល រួមមានដូចជាព័ត៌មានវិទ្យា ការទូទាត់ប្រាក់ និងទីផ្សារជាដើម ដែលបង្កើតឡើងដោយក្រុមហ៊ុនធែនស៊ែន។
លោក ដាវីស លីន អនុប្រធានក្រុមហ៊ុន ធែនស៊ែន បានថ្លែងថា «ចក្ខុវិស័យរបស់ក្រុមហ៊ុន ធែនស៊ែន គឺតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងប្រជាជននិងអាជីវករ។ ដូច្នេះវាជាជម្រើសដែលយើងត្រូវតែរើសទៅហើយ ដើម្បីផ្លាស់ប្តូរពីការផ្តល់សេវាតាមអ៊ិនធើណេត ទៅជាសេវាតាមហាងពិតប្រាកដវិញ។ ហើយសេវាលក់រាយ គឺជាអ្វីដែលអាជីវករនិងអតិថិជន និយមប្រើញឹកពាប់ជាងគេ»។
ក្រុមហ៊ុន ធែនស៊ែន មិនខ្មាស់អៀនចំពោះមហិច្ចិតា របស់ពួកគេឡើយ។ បណ្តាញសង្គម WeChat ដ៏ពេញនិយមរបស់ក្រុមហ៊ុននេះ កំពុងមានអ្នកប្រើប្រាស់ច្រើនជាង១ពាន់លាននាក់ ហើយក្រុមហ៊ុននេះក៏មានគម្រោងចង់ភ្ជាប់ទំនាក់ទំនង ជាមួយគ្រប់ហាងទាំងអស់ ក្នុងប្រទេសចិនថែមទៀតផង៕ (សារព័ត៌មាន CCTV របស់ចិន)