(ជប៉ុន)៖ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ធែនស៊ែន (Tencent) ចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុន Fuji-Q Highland Park របស់ជប៉ុន កម្មវិធីបង់ប្រាក់តាមទូរស័ព្ទ WeChat Pay របស់ក្រុមហ៊ុននេះ ក៏កំពុងតែមានប្រជាប្រិយភាពខ្លាំងផងដែរ។
ភ្ញៀវទេសចរជនជាតិចិន អាចស្គែនកូដ QR បានយ៉ាងងាយស្រួល និងប្រើកម្មវិធី WeChat របស់ក្រុមហ៊ុន ធែនស៊ែន ដើម្បីបង់ថ្លៃទំនិញផ្សេងៗក្នុងឧទ្យានបាន។ ពោលគឺស្រដៀងទៅនឹងអ្វីដែលពួកគេតែងប្រើនៅប្រទេសចិនដែរ។
ភ្ញៀវទេសចរជនជាតិចិនមួយរូបនិយាយថា «ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចប្រើ WeChat Pay ក្នុងប្រទេសជប៉ុនបាន ជាពិសេសអាចស្តេនកូដ ដើម្បីបង់ថ្លៃទំនិញបានទៀតផង។ វាពិតជាងាយស្រួលមែន ហើយមិនចាំបាច់ឲ្យយើងឈរតម្រង់ជួរ ចាំបង់លុយទេ។ វាមិនរញ៉េរញ៉ៃ ហើយយើងអាចបង់លុយដោយខ្លួនឯងបាន ហើយវាប្តូរពីប្រាក់យេនជប៉ុន ទៅជាប្រាក់យ័នចិនដោយផ្ទាល់តែម្តង»។
បុគ្គលិកផ្នែកគិតលុយជនជាតិជប៉ុនមួយរូបបាននិយថា «ក្នុងហាងរបស់យើង មានប្រហែលជា១០ភាគរយ នៃភ្ញៀវទេសចរចិនដែលប្រើប្រាស់កម្មវិធី WeChat Pay ហើយមាន១០ភាគរយដែលប្រើប្រាស់ Union Pay។ ក្រៅពីនេះ ភ្ញៀវសុទ្ធតែចាយជាសាច់ប្រាក់។ ខ្ញុំគិតថាកម្មវិធី WeChat Pay ធ្វើឲ្យពួកយើងស្រួលធ្វើការ»។
អ្នកទេសចរជាច្រើន អាចប្រើកម្មវិធីដើម្បីទិញសំបុត្រក្នុងតម្លៃពិសេស បើកមើលផែនទី និងឆែកមើលថាតើមានគេតម្រង់ជួរប៉ុន្មាននាក់ហើយ។ ទាំងនេះគឺដើម្បីផ្តល់ជូនភ្ញៀវទេសចរចិន នូវបទពិសោធន៍ថ្មីមួយទៀត។
អ្នកនាង ចឹង ហុងមីន អ្នកគ្រប់គ្រងផ្នែកអាជីវកម្មអន្តរជាតិ WeChat Pay នៃក្រុមហ៊ុនធែនស៊ែន បានថ្លែងថា «អតិថិជនគោលដៅរបស់យើងក្នុងប្រទេសជប៉ុន គឺជាភ្ញៀវទេសចរជនជាតិចិន។ ពួកយើងសង្ឃឹមថា អាចផ្តល់ឲ្យអតិថិជននូវសេវាមួយ ដែលស្រួលប្រើ និងល្អិតល្អន់ដែលពួកគាត់ធ្លាប់ប្រើ សម្រាប់ទិញអាហារ កម្សាន្ត និងការស្នាក់នៅអំឡុងពេលដែលពួកគាត់ដើរកម្សាន្តនៅក្រៅប្រទេស»។
នៅជប៉ុនសេវាបង់ប្រាក់តាមទូរស័ព្ទ មានការអភិវឌ្ឍន៍យឺតយ៉ាវ ដោយសារពលរដ្ឋជប៉ុននិយមប្រើក្រដាសប្រាក់ច្រើនជាង។ បើធៀបនឹងប្រទេសចិន ជប៉ុនមានគេទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់ត្រឹមតែ ១ភាគ៥ប៉ុណ្ណោះ។
តែសព្វថ្ងៃ អាជីវករកាន់តែច្រើនឡើងៗ កំពុងមានបំណងចង់សហការជាមួយក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន។ រដ្ឋាភិបាលជប៉ុនលើកទឹកចិត្ត ឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀត លើសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ ដើម្បីជំរុញដល់ការចាយវាយរបស់ភ្ញៀវទេសចរ។
ដោយកីឡាអូឡាំពិចតូក្យូ២០២០ ជិតឈានចូលមកដល់ ជប៉ុនកំពុងស្វែងរកវិធីអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ ដោយមិនប្រើក្រដាសប្រាក់ នៅក្នុងប្រទេសរបស់ខ្លួន។ នេះគឺជាឱកាសពង្រីកទីផ្សារឱ្យកាន់តែធំ សម្រាប់ក្រុមហ៊ុនចិន ដែលផ្តល់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច៕ (សារព័ត៌មាន CCTV របស់ចិន)