(អាមេរិក)៖ យានអវកាស Orion Capsule របស់អង្គការ NASA កំពុងត្រូវដាក់តាំងបង្ហាញក្នុងសួនច្បារភាគខាងត្បូងនៃសេតវិមាន ដោយវាគឺជាផ្នែកមួយនៃការតាំងពិព័រណ៍ផលិតផលរបស់អាមេរិកប្រចាំឆ្នាំ ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
យានអវកាសខាងលើ អាចទទួលបានឱកាសបង្ហាញរាងនៅសេតវិមានបែបនេះ គឺដោយសារស្នាដៃរបស់ក្រុមហ៊ុន Lockheed Martin កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ ដែលបានប្រើប្រាស់ផ្នែកផ្សេងៗ ដែលផលិតឡើងដោយក្រុមហ៊ុនជាងមួយពាន់ នៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់។
យាន Orion ខាងលើ គឺជាយាន Orion តែមួយគ្រឿងគត់ ដែលធ្លាប់បានហោះហើរ គិតមកទល់ពេលនេះ គឺកាលពីអំឡុងការធ្វើតេស្តហោះហើរកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤។ យាននេះអាចផ្ទុកអវកាសយានិកបាន ០៤នាក់ និងត្រូវរចនាឡើងដើម្បីឡើងទៅអវកាសតាមរយៈគ្រាប់រ៉ុក្កែតយក្ស SLS ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ NASA នៅឡើយ។ យាន និងរ៉ុក្កែតនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃគម្រោងរបស់ទីភ្នាក់ងារអវកាស NASA ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ និងទៅកាន់ភពអង្គារ។
គួរជម្រាបថា ការធ្វើតេស្តសាកល្បងដោយពុំមានមនុស្សជិះមួយផ្សេងទៀត ព្រមទាំងការហោះហើរជាលើកដំបូងរបស់ SLS គួរតែត្រូវធ្វើឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០១៩ និងខែមិថុនា ឆ្នាំ២០២០ មុននឹងអាមេរិកចាប់ផ្តើមផែនការបង្កើតស្ថានីយអវកាសដំបូងនៅជុំវិញព្រះច័ន្ទ ដែលជាជំហានដ៏សំខាន់មុនទៅភពអង្គារ៕