(ឡូសអាន់ជែលឡែស)៖ ភ្លើងឆេះព្រៃដ៏សម្បើមមួយឈ្មោះ ហ្វឺហ្គូសុន «Ferguson Fire» កំពុងឆេះរីករាលដាលទៅកាន់ខិតជិតដល់ឧទ្យានជាតិ យ៉ូសេមីតេ (Yosemite) ដែលជារមណីយដ្ឋានដ៏ល្បីល្បាញមួយ ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃ Ferguson Fire ដែលបានចាប់ផ្ដើមឆេះតាំងតែពីថ្ងៃទី១៣ ខែកក្កដានៅក្នុងតំបន់ព្រៃធម្មជាតិ Sierra National Forest បានរីករាលដាលដល់ ១៣៦គីឡូម៉ែត្រក្រឡា គិតត្រឹមព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ ក្រុមអ្នកពន្លត់អគ្គិភ័យសរុប ៣,០៦៦នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្ដាតភ្លើង ជាមួយការគំាទ្រពីឧទ្ធម្ភាគចក្រ ១៦គ្រឿង និងបរិក្ខាពន្លត់ភ្លើងជាច្រើនទៀត។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃ Ferguson Fire បានផ្ដាច់យកជីវិតអ្នកពន្លត់អគ្គិភ័យម្នាក់ និង ០៦នាក់ទៀតរងរបួសកាលពីជាង ១០ថ្ងៃមុននេះ ខណៈអាជ្ញាធរអាមេរិក ក៏បានព្រមានឲ្យប្រជាជននៅក្បែរតំបន់រងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនឡើងនៃសីតុណ្ហភាពផងដែរ៕