(ក្រិក)៖ អាជ្ញាធរក្រិកនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ភ្លើងឆេះព្រៃដែលកំពុងវាយលុកស្ទើរទាំងទូទាំងប្រទេស បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាលក្រិកបានបញ្ជូនក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ទៅកាន់តំបន់រងគ្រោះ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងជួយជម្លៀស ប្រជាជននៅក្បែរទីក្រុងអាតែន ទៅកាន់ទីទួលមានសុវត្ថិភាព។ ដោយឡែក ប្រតិបត្តិការជួយសង្រ្គោះភ្ញៀវទេសចរ ១០នាក់ ក៏កំពុងធ្វើឡើងផងដែរ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ថា កើនឡើងដល់ ២០នាក់ និងច្រើនជាង ១០៤នាក់រងរបួស ហើយក្នុងនោះមាន ១១នាក់របួសធ្ងន់ ព្រមទាំង ១៦នាក់ជាកុមារផងដែរ។
គួរបញ្ជាក់ថា ដោយសារតែភ្លើងឆេះព្រៃនេះនាយករដ្ឋមន្ត្រីក្រិក លោក អាឡិចស៊ីស តាស៊ីប្រាស់ (Alexis Tsipras) បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបូស្នី ដើម្បីជួយសម្របសម្រួលប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកជំនួយពីអន្តរជាតិ៕