(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ប្រទេសរ៉ាដ្វាន់ដា កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ដើម្បីដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋចិន មកកាន់ប្រជាជាតិអាហ្វ្រិកខាងកើតមួយនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
លោក ស៊ី និងភរិយាគឺលោកស្រី Peng Liyuan ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយប្រធានាធិបតីរ៉ាដ្វាន់ដា លោក Paul Kagame និងភរិយាលោកស្រី Jeannette Kagame។ បន្ថែមពីលើនេះ លោកស៊ី បានផ្ញើសារស្វាគមន៍ និងជូនពរដល់ រដ្ឋាភិបាល និងប្រជាជនរ៉ាដ្វាន់ដា ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន ហើយមិនតែប៉ុណ្ណោះលោកក៏បានអះអាងផងដែរថាលោក មានអារម្មណ៍សិ្នទស្នាលចំពោះរដ្ឋាភិបាល និងប្រជាជនរ៉ាដ្វាន់ដា តាំងតែពីគ្រាន់តែយកជើងជាន់ទឹកដីរ៉ាដ្វាន់ដាភ្លាម។
គួរបញ្ជាក់ថា ចិន និងរ៉ាដ្វាន់ដា បានបង្កើតចំណងការទូតអស់រយៈពេល៤៧ឆ្នាំមកហើយ។ ចំណែកឯ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងគឺជាប្រមុខរដ្ឋចិនដំបូងបំផុត ដែលបានបំពេញដំណើរទស្សនកិច្ចមកកាន់ប្រជាជាតិអាហ្វ្រិកខាងកើតមួយនេះ៕