(ហ្វីលីពីន)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃចន្ទនេះ បានសន្យាថាលោកនឹងបន្តធ្វើសង្រ្គាមជាមួយនឹងឧក្រិដ្ឋជនគ្រឿងញៀន ដោយអះអាងថាអ្វីដែលលោកកំពុងធ្វើគឺដើម្បីការរស់នៅរបស់ប្រជាជនហ្វីលីពីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

លោក ឌូតឺតេ ថ្លែងបែបនេះនាឱកាសថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំសភា។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ការព្រួយបារម្ភរបស់អ្នកគឺសិទ្ធិមនុស្ស ប៉ុន្តែការព្រួយបារម្ភរបស់ខ្ញុំគឺការរស់នៅរបស់ប្រជាជនខ្ញុំ។ ម្យ៉ាងវិញទៀត សង្រ្គាមប្រឆាំងគ្រឿងញៀនគឺមានគោលបំណងការពារប្រជាជនហ្វីលីពីនពីគ្រឿងញៀន ខណៈអនាគតយុវជន របស់យើង និងគ្រួសាររបស់ពួកគេកំពុងត្រូវបានបំផ្លាញ»។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់អំណាចកាលពីឆ្នាំ២០១៦មក ប៉ូលិសហ្វីលីពីន បានសម្លាប់មនុស្សច្រើនជាង
៤,៥០០នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ឬតដៃជាមួយប៉ូលិស។ ចំណែកឯ ក្រុមអង្គការសិទ្ធិមនុស្សក៏បាន ថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ តែលោកឌូតឺតេ មិនខ្វល់ពីការរិះគន់ ឬថ្កោលទោស នោះទេ៕