(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍

រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋធានីប៉េកាំង​នៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀមទទួលរងឥទ្ធិពល​ភ្លៀង​ធ្លាក់ខ្លាំង​នាថ្ងៃចន្ទ ​​និងថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះ​ទីហ្វុងឈ្មោះថា អម្ពិល (Ampil)៕

២៖ គ្រឿងប្រភេទ​មេតំហ្វេតាមីន ដែលមានចំនួនរហូត​ដល់ទៅជិត ១០លានគ្រាប់ ត្រូវបានប៉ូលិសថៃ​បង្ក្រាប និងរឹបអូសបាន​នៅតំបន់ជាយរាជធានី​បាងកក កាលពីថ្ងៃអាទិត្យ​ម្សិលមិញ៕

៣៖ សីតុណ្ហភាព​នៅ គូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃតាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់​​កំណត់ត្រា​​ដ៏ខ្ពស់​​​​ នោះគឺ ៤១.១អង្សាសេ នារសៀល​ថ្ងៃចន្ទ​សប្តាហ៍នេះ៕

៤៖ តំណាងរាស្ត្របក្សប្រឆាំងកូរ៉េខាងត្បូងដ៏ល្បីម្នាក់លោក រ៉ូ ហឺចាន់ (Roh Hoe-chan) បានលោតពីលើអគារសម្លាប់ខ្លួនឯងនៅ​ព្រឹកថ្ងៃចន្ទនេះ ខណៈលោក​កំពុងជាប់ផុងក្នុងការស៊ើបអង្កេត​ ជុំវិញការចោទប្រកាន់ថា លោកបានទទួលសំណូក​លុយ​នយោបាយខុស ច្បាប់​រាប់សិបលានវ៉ុន៕

៥៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងរៀបចំបាញ់​បង្ហោះ​យាន​អវកាស​មួយគ្រឿង​នៅខែសីហា​ខាងមុខនេះ ដើម្បី​ទៅ​សិក្សាស្រាវជ្រាវ​ជិតព្រះអាទិត្យ ក្នុងចម្ងាយដ៏កៀក​ជាងពេលណាៗ​ទាំងអស់ ក្នុងគោលបំណងស្រាយបំភ្លឺពី​អាថ៌កំបាំង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅពី​ក្រោយ​​ដុំបាល់​ភ្លើងនេះ៕

៦៖ ចិនកំពុងមាន​ការរំពឹង​ខ្ពស់ថា នាវាមុជទឹកគ្មាន​មនុស្សបើកឆ្លាតវ័យ​ជំនាន់ថ្មី អាចនឹងជួយ​បង្កើនសមត្ថភាព​កងទ័ពជើង ទឹករបស់ខ្លួន​ឱ្យកាន់តែខ្លាំង។ ព័ត៌មានស្ដីពី​គំរោងដាក់ពង្រាយ​នាវាមុជទឹកនេះ កើតមានឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា អង់គ្លេសនឹង​បញ្ជូននាវាចម្បាំង​ផ្ទុកយន្ដហោះ មកកាន់​តំបន់​ប៉ាស៊ីហ្វិក និងសមុទ្រ​ចិនខាងត្បួង​ ​ដើម្បីទប់ទល់​នឹង​ឥទ្ធិពលចិន៕