(បាងកក)៖ គ្រឿងប្រភេទ​មេតំហ្វេតាមីន ដែលមានចំនួនរហូត​ដល់ទៅជិត ១០លានគ្រាប់ ត្រូវបានប៉ូលិសថៃ​បង្ក្រាប និងរឹបអូសបាន​នៅតំបន់ជាយរាជធានី​បាងកក កាលពីថ្ងៃអាទិត្យ​ម្សិលមិញ។ នេះបើតាមការ​បញ្ជាក់ពីអគ្គមេបញ្ជារង​នៃស្នងការប៉ូលិសថៃ លោក Chalermkiat Srivirakhan ដែលទើប​ធ្វើការប្រកាសព័ត៌មាននៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

មន្ត្រីប៉ូលិសជាន់ខ្ពស់​របស់ថៃបាន​បញ្ជាក់ទៀតថា គ្រឿងញៀន​ខាងលើនេះ ត្រូវបានគឺ​យកទៅទុកចោល​ក្នុងអគារមួយ នៅក្នុងស្រុកក្លងលួង (Khlong Luang) នៃខេត្ត​ផាទុមថានី ជាយទីក្រុង​បាងកក ហើយបើតាម​ការរាប់ចំនួននោះ គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីនេះមានចំនួនសរុប ៩,៨៥៩,០០០គ្រាប់។ បន្ថែមពីនេះ ម្សៅ​មេតំហ្វេតាមីន​គ្រីស្តាល់​ចំនួន ៥០ក្រាម ក៏ត្រូវបាន​រកឃើញ​នៅ​ភ្ជាប់ជាមួយគ្នា​​នោះដែរ។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការ​នោះ ប៉ូលិសថៃបានឃាត់ខ្លួន​ជនសង្ស័យចំនួនពីរនាក់ ហើយបើតាមការ​សាកសួរជាបឋម គឺគ្រឿងដ៏ច្រើនសន្ធឹកសន្ធាប់​ខាងលើនេះ អាចមានប្រភព​មកពីរដ្ឋសាន (Shan) នៃប្រទេស​មីយ៉ាន់ម៉ា ដែលស្ថិតនៅ​ជាប់ខេត្ត​ឈៀងរ៉ាយ ភាគខាងជើង​ប្រទេសថៃ ជាទីដែល​ក្រុមឧទ្ទាម Wa ធ្វើការដាំដុះ និងផលិត​គ្រឿងញៀនយ៉ាង​គំហុកតែម្តង៕