(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជាទទួលបានចំណាត់ថ្នាក់ប្រទេសជោគជ័យបំផុតទី៤ ក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក ហើយគណបក្សប្រជាជនកម្ពុជា មានធនធាន និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ១% ក្នុងមួយឆ្នាំ ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៣០ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ការអះអាងរបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងឃុំជ្រៃវៀននៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃច័ន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់។
«ភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣,៥% នៅឆ្នាំ២០១៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ២០១៤ ដែលនេះគឺជាស្នាដៃឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ! យើងនឹងខិតខំបន្តពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រឱ្យបានជាង ១% ក្នុងមួយឆ្នាំ ដើម្បីដឹកនាំកម្ពុជា ឆ្ពោះទៅរកឋានៈប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយគណបក្សមានធនធាន និងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចការនេះ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
នៅក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានថ្លែងនូវសារនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ ក៏បានបន្តជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។ គោលនយោបាយទាំងអស់នេះ មិនមែនជាការសន្យាខ្យល់ឡើយ តែជាផែនការសកម្មភាព ដែលមានការគិតគូរប្រកបដោយយុទ្ធសាស្ត្រ ដែលគណបក្សត្រូវបន្តអនុវត្តន៍ នៅក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕