(ប៉េកាំង)៖ រដ្ឋធានីប៉េកាំងនៃប្រទេសចិន ព្រមទាំងក្រុងធានជីន (Tianjin) និងខេត្ត ហេប៊ៃ (Hebei) កំពុងត្រៀមទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងនាថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ ដោយសារតែព្យុះទីហ្វុងឈ្មោះថា អម្ពិល (Ampil)។ នេះបើតាមទីភ្នាក់ងារឧតុនិយមប្រចាំក្រុងប៉េកាំង ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
ដើម្បីត្រៀមឆ្លើយតបចំពោះស្ថានការណ៍នេះ អាជ្ញាធរទីក្រុងប៉េកាំង បានចេញសារព្រមានឲ្យប្រុងប្រយ័ត្ន ចំពោះគ្រោះរអិលបាក់ដីនៅតាមតំបន់ភ្នំ ដែលអាចបង្កឡើងពីព្យុះទីហ្វុងអម្ពិល។ កាលពីយប់ម្សិលមិញ សារប្រុងប្រយ័ត្នកម្រិតពណ៌លឿង (កម្រិតទីពីរ) ក៏ត្រូវបានដាក់ចេញផងដែរសម្រាប់ភ្លៀងធ្លាក់ដោយថាទីតាំងជាច្រើន រួមមានតំបន់ស្វយ័តក្វាងស៊ី (Guangxi), ខេត្ត ក្វាងទុង (Guangdong), ហៃណាន (Hainan), ជាំងស៊ូ (Jiangsu), និងសានទុង (Shandong) នឹងត្រូវទទួលរងការធ្លាក់ភ្លៀងយ៉ាងជោគជាំ។
គួរជម្រាបថា អម្ពិលដែលជាព្យុះទីហ្វុងទី ១០ សម្រាប់ឆ្នាំ២០១៨នេះ បានបោកបក់មកដល់ក្រុងសៀងហៃ ភាគខាងកើតប្រទេសចិន កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ និងបានបង្ខំឲ្យមនុស្សជិត ០២សែននាក់ ផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាព៕