(តូក្យូ)៖ សីតុណ្ហភាពនៅ គូម៉ាហ្គាយ៉ា (Kumagaya) ជាទីក្រុងមួយស្ថិតនៅខេត្ត សៃតាម៉ា (Saitama) ក្បែរទីក្រុងតូក្យូ បានកើនឡើងដល់ជាប់កំណត់ត្រាដ៏ខ្ពស់ នោះគឺ ៤១.១អង្សាសេ នារសៀលថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA សីតុណ្ហភាពខាងលើក៏ជាអត្រាខ្ពស់បំផុត នៅទូទាំងប្រទេសអាស៊ីខាងកើតនេះផងដែរ និងបានទទូចឲ្យប្រជាជនមានការប្រុងប្រយ័ត្ន ចំពោះការឈឺថ្កាត់ផ្សេងៗ ដែលអាចបង្កឡើងដោយរលកកម្តៅនេះ ដូចជាការឡើងកម្តៅខ្លាំងក្នុងរាងកាយ និងខ្សោះជាតិទឹកជាដើម។
គួរជម្រាបថា នាពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីកើតមានគ្រោះមហន្តរាយទឹកជំនន់យ៉ាងអាក្រក់ រលកកម្តៅ បាននិងកំពុងវាយលុកលើប្រទេសជប៉ុន ដែលរហូតបានបណ្តាលឲ្យមនុស្សកើនដល់ជាង ៤០នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕