(សេអ៊ូល)៖ តំណាងរាស្ត្របក្សប្រឆាំងកូរ៉េខាងត្បូងដ៏ល្បីម្នាក់លោក រ៉ូ ហឺចាន់ (Roh Hoe-chan) បានលោតពីលើអគារសម្លាប់ខ្លួនឯងនៅព្រឹកថ្ងៃចន្ទនេះ ខណៈលោកកំពុងជាប់ផុងក្នុងការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ថា លោកបានទទួលសំណូកលុយនយោបាយខុស ច្បាប់រាប់សិបលានវ៉ុន។ នេះបើតាមប៉ូលិសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
សាកសពលោក Roh Hoe-chan ត្រូវបានគេប្រទះឃើញនៅម៉ោងប្រមាណ ៩៖៣៨នាទីព្រឹក នៅក្បែរច្រកចូលអាផាតមិនមួយ ស្ថិតនៅកណ្ដាលទីក្រុងសេអ៊ូល។ បើតាមការសន្និដ្ឋានបឋមរបស់ប៉ូលិស លោក Roh ទំនងជាលោតពីលើអគារសម្លាប់ខ្លួនឯង ដ្បិតពួកគេបានរកឃើញអាវធំមួយនៅជាន់ទី ១៧ និង ១៨ នៃអគារ ហើយនៅក្នុងអាវធំនោះមានអត្តសញ្ញណប័ណ្ណមួយសន្លឹក និងប័ណ្ណពាណិជ្ជកម្ម ព្រមទាំងកំណត់ហេតុមួយ ដែលទំនងដូចជាលិខិតបណ្ដាំចុងក្រោយ។
លើសពីនេះទៀតនៅក្នុងលិខិតនោះ លោក Roh បានសារភាពថា លោកយល់ព្រមទទួលលុយរាប់លានដុល្លារ ប៉ុន្តែមិនធ្វើយកវាទៅប្រើប្រាស់ខុសច្បាប់នោះទេ ហើយ លោកក៏បានសូមទោសគ្រួសាររបស់លោកផងដែរ។
គួរបញ្ជាក់ថា លោក Roh Hoe-chan ជាតំណាងរាស្ត្រមកពីគណបក្សយុត្តិធម៌ ត្រូវបានគេចោទប្រកាន់ថា បានទទួលសំណូក ៥០លានវ៉ុន (៤៤,៣៣៣ដុល្លារ) ពីមនុស្សដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់រហស្សនាមថា Druking និងជាមនុស្សចម្បងម្នាក់នៅក្នុងរឿង អាស្រូវក្លែងបន្លំសាធារណៈមតិ៕