(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងរៀបចំបាញ់បង្ហោះយានអវកាសមួយគ្រឿងនៅខែសីហាខាងមុខនេះ ដើម្បីទៅសិក្សាស្រាវជ្រាវជិតព្រះអាទិត្យ ក្នុងចម្ងាយដ៏កៀកជាងពេលណាៗទាំងអស់ ក្នុងគោលបំណងស្រាយបំភ្លឺពីអាថ៌កំបាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពីក្រោយដុំបាល់ភ្លើងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
យានអវកាសដែលមានទំហំប៉ុនរថយន្តខ្នាតមធ្យមមួយគ្រឿងឈ្មោះ Parker Solar Prboe ត្រូវបានអង្គការ NASA គ្រោងនឹងបញ្ជូនឡើងទៅទីអវកាសនៅថ្ងៃទី០៦ ខែសីហា តាមរយៈគ្រាប់រ៉ុក្កែត Delta IV Heavy របស់ក្រុមហ៊ុន United Launch Alliance។ បើតាម NASA គន្លឹះចម្បងដើម្បីស្វែងយល់ពីដើមកំណើតរបស់ព្រះអាទិត្យ គឺស្ថិតនៅលើការយល់ដឹងអំពីផ្កាយមួយដួងនេះផ្ទាល់ ដូច្នេះហើយទើបបេសកកម្ម Parker Solar Probe គឺជារឿងដ៏សំខាន់បំផុតមួយ។
គួរជម្រាបថា អ្វីដែលពិសេសសម្រាប់យានខាងលើ គឺបច្ចេកវិទ្យាខែលការពារដ៏ទំនើបបំផុតរបស់វា ដើម្បីការពារ Parker Solar Probe ពីកម្តៅដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ដូច្នេះវាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការតស៊ូនឹងកម្តៅរាប់ពាន់អង្សាសេ ដែលជះចេញពីព្រះអាទិត្យបាន ខណៈឧបករណ៍ដែលបំពាក់លើវា សុទ្ធសឹងតែជាប្រភេទធន់នឹងកម្តៅកម្រិតខ្ពស់ទាំងអស់៕