(ហាណូយ)៖ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច សុនទិញ (Son Tinh) បានសម្លាប់មនុស្សកើនឡើងដល់ ២២នាក់ហើយ ខណៈមនុស្ស១២នាក់ទៀតបាត់ខ្លួន និង២៦នាក់រងរបួស នៅឯតំបន់ភាគកណ្ដាល និងភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមអាជ្ញាធរវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅក្នុងចំណោមជនរងគ្រោះទាំង ២២នាក់ មាន ១១នាក់ ជាអ្នកស្រុករស់នៅក្នុងខេត្តយេនបៃ (Yen Bai), ០៤នាក់រស់នៅក្នុងខេត្តសុនឡា (Son La, ០៤នាក់មកពីខេត្តភូថូ (Phu Tho), ០២នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលនៃប្រទេស, និងម្នាក់ទៀតមកពីខេត្ត Hoa Binh។
ចំណែកឯអ្នកបាត់ខ្លួន ១២នាក់ ក្នុងនោះមាន ០៦នាក់រស់នៅក្នុងខេត្ត Yen Bai, បីនាក់នៅក្នុងខេត្ត Thanh Hoa, ០២នាក់នៅក្នុងខេត្ត Son La និងម្នាក់នៅក្នុងខេត្ត Phu Tho។
គួរជម្រាបថា បើតាមអាជ្ញាធវៀតណាមផ្ទះ ២៣១ខ្នងត្រូវបានបំផ្លាញ ហើយ ៥,៩០០ខ្នងត្រូវជន់លិច ខណៈសត្វពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើនជាង ១០៦,០០០ក្បាល ត្រូវងាប់។ មិនតែប៉ុណ្ណោះ ដីស្រែ ៥,៧០០ហិកតា ក៏ត្រូវបានបំផ្លាញ និង១១៥,០០០ហិកតាត្រូវជន់លិចផងដែរ៕