(តូរ៉ុនតូ)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងតិច០៩នាក់បានរងរបួស ក្រោយពីខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារនៅកន្លែងទីប្រជុំជនមួយកន្លែង ក្នុងទីក្រុងតូរ៉ុនតូ (Toronto) នៃខេត្តអនតារីយ៉ូ (Ontario) ភាគអាគ្នេយ៍ ប្រទេសកាណាដា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់ប្រហារនៅតំបន់ទីប្រជុំជន គ្រីកថោន (Greektown) នៃទីក្រុង Toronto ដែលសម្បូរទៅដោយភោជនីយដ្ឋាន និងហាងលក់ទំនិញ នាវេលាយប់ថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅភាគខាងកើតកាណាដា) ខណៈស្នូរកាំភ្លើងចន្លោះពី ១៥គ្រាប់ ទៅ ២០គ្រាប់ បានលាន់ឡើង។
គួរជម្រាបថា បើតាមការបញ្ជាក់ពីប៉ូលិសកាណាដា ខ្មាន់កាំភ្លើងបានស្លាប់បាត់ហើយ នាខណៈពេលនេះ ចំណែកអ្នកដែលរងរបួស ដោយរួមមានទាំងក្មេងៗផងដែរនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការជួយសង្រ្គោះជាបន្ទាន់។ ជាមួយគ្នានេះដែរ ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ដើម្បីកំណត់មូលហេតុ នៅពីក្រោយការបាញ់ប្រហារដ៏រន្ធត់នេះ៕