(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា អ៊ីរ៉ង់បច្ចុប្បន្ន​កំពុងត្រូវបានដឹកនាំពួក​បងធំ ដែលមិន​មែនជារដ្ឋាភិបាល​នោះទេ ហើយថា​អ្វីដែលលោករៀបរាប់នេះ គឺចង់សំអាងទៅលើ​ទ្រព្យសម្បត្តិ​ដ៏ច្រើនលើសលប់ និងអំពើពុក​រលួយ​នៅក្នុងចំណោម​មេដឹកនាំអ៊ីរ៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅឯវេទិកា​មួយក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ដោយមាន​អ្នកចូលរួមភាគច្រើន​ជាជនជាតិ​អាមេរិកកាំង ដើមកំណើត​អ៊ីរ៉ង់ កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោក ម៉ៃក៍ ប៉ុមប៉ែអូ បានកត់សម្គាល់​ថា ខណៈប្រជាជនអ៊ីរ៉ង់​ត្រូវតែកំណត់​គោលដៅដឹកនាំ​ប្រទេស​របស់ខ្លួន ទីក្រុង​វ៉ាស៊ីនតោន​នឹងគំាទ្រ​សំឡេងរបស់ប្រជាជន​អ៊ីរ៉ង់ ដែលមិនត្រូវបាន​គេអើពើអស់រយៈពេល​ជាយូរយាមកនេះ។ រដ្ឋមន្ត្រីការ​បរទេស​រូបនេះ បន្ថែម​ទៀតថា រដ្ឋាភិបាល​អាមេរិក​បាននិងកំពុងផ្សាយ​កម្មវិធីជាភាសា​ពែក ២៤ម៉ោងក្នុង មួយសប្ដាហ៍​លើកញ្ចក់​ទូរទស្សន៍ តាមវិទ្យុ និងបណ្ដាញ​ទំនាក់ទំនង​សង្គម ដើម្បីផ្ដល់​ដំណឹងជូនប្រជាជនអ៊ីរ៉ង់​នៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅជុំវិញ​ពិភពលោក។

គួរជម្រាបថា ការលើកឡើង​របស់លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីអ៊ីរ៉ង់​លោក ហាសាន់ រូហានី បានព្រមាន ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ថាកុំបង្ក ឬបង្កើនជម្លោះ​ជាមួយប្រទេស​របស់លោកជា​ដាច់ខាត ព្រោះថា​ជម្លោះជា មួយអ៊ីរ៉ង់នឹង​ក្លាយជាសង្រ្គាម​មិនធ្លាប់មាន​ពីមុនមក៕