ស្ថានការណ៍ផុយស្រួយ! អាមេរិកចង់ញ៉ុកបំពង់ប្រេងអ៊ីរ៉ង់ តែអ៊ីរ៉ង់ព្រមានតបវិញថា «កុំចង់លេងកន្ទុយតោ...» (video)
23-07-2018 10:24
(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាកុំបង្ក ឬបង្កើន ជម្លោះជាមួយប្រទេសរបស់លោកឲ្យសោះ ព្រោះថាជម្លោះជាមួយអ៊ីរ៉ង់ នឹងក្លាយជាសង្រ្គាមមិនធ្លាប់មានពីមុនមក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
លោក រូហានី ធ្វើការព្រមានបែបនេះ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ លោក រូហានី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កុំលេងជាមួយកន្ទុយតោ ពីព្រោះអ្នកនឹងសោកស្ដាយ។ សន្តិភាពជាមួយអ៊ីរ៉ង់នឹងក្លាយជាម៉ែ នៃសន្តិភាពទាំងអស់ ហើយសង្រ្គាមជាមួយអ៊ីរ៉ង់នឹងក្លាយជាមេនៃសង្រ្គាមទាំងអស់... ដូច្នេះសហរដ្ឋអាមេរិកកុំសង្ឃឹមថា អាចនឹង រារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ»។
គួររំលឹកថា កាលពីដើមខែកក្កដាកន្លងទៅ លោក រូហានី ក៏ធ្លាប់បានព្រមានផងដែរថា បើសិនជាការនាំចេញប្រេងរបស់អ៊ីរ៉ង់ទៅ កាន់ទីផ្សារអន្តរជាតិត្រូវបានរំខានដោយទីក្រុងវ៉ាស៊ីនតោន នោះទីក្រុងតេហេរ៉ង់ នឹងបិទច្រកនាំចេញប្រេងនៅក្នុងតំបន់ តាមរយៈច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹក និងច្រកសមុទ្រដ៏សំខាន់នៅក្នុងតំបន់៕