(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីថ្មីមួយផ្សេងទៀតជាមួយកម្រិត ៥.៨រ៉ិចទ័រ បានវាយប្រហារចំខេត្តកឺម៉ាន់ (Kerman) ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីទទួលរងការវាយលុកផ្ទួនៗគ្នា ដោយគ្រោះរញ្ជួយដល់ទៅបីលើករួចមកហើយ កាលពីថ្ងៃអាទិត្យ និងមនុស្សជិត ២៩០នាក់បានរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះមនុស្សជិត ២៩០នាក់ បានទទួលរងរបួសដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីមួយមានកម្រិត ៥.៩រ៉ិចទ័រក្នុងចំណោមគ្រោះរញ្ជួយដីទាំង ០៣ខាងលើ ដែលបានវាយប្រហារទៅលើខេត្ត កឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគខាងលិចអ៊ីរ៉ង់ ខណៈនាព្រឹកថ្ងៃចន្ទនេះ គ្រោះរញ្ជួយដីថ្មីមួយទៀតបានកើតមានឡើង ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ពីទំហំនៃការបំផ្លិចបំផ្លាញ និងមនុស្សរងគ្រោះបន្ថែមនៅឡើយទេ។
គួរជម្រាបថា បើតាមអាជ្ញាធរអ៊ីរ៉ង់នៅក្រោយគ្រោះរញ្ជួយដី កាលពីម្សិលមិញ មនុស្សសរុប ២៨៧នាក់ បានរងរបួស ខណៈអគារចំនួន ១០១ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ ចំណែកឯកាលពីខែឧសភាកន្លងទៅខេត្ត កោះហ្គីលូយ៉េហ៍ (Kohgiluyeh) ភាគខាងត្បូង ក៏បានរងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយផងដែរ ដែលបានបណ្តាលឲ្យមនុស្ស ១៣៣នាក់របួស។
នាពេលកន្លងមកនេះ អ៊ីរ៉ង់បានប្រឈមមុខនឹងគ្រោះរញ្ជួយដីធំៗ។ តួយ៉ាងកាលពីខែវិច្ឆិកាឆ្នាំទៅ គ្រោះមហន្តរាយរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារតំបន់ព្រំដែនអ៊ីរ៉ង់ជាមួយអ៊ីរ៉ាក់ ដែលបានធ្វើឲ្យមនុស្សរាប់រយនាក់ស្លាប់ និងរងរបួស៕