(ប៉េកាំង)៖ ចិនកំពុងមានការរំពឹងខ្ពស់ថា នាវាមុជទឹកគ្មានមនុស្សបើកឆ្លាតវ័យជំនាន់ថ្មី អាចនឹងជួយបង្កើនសមត្ថភាពកងទ័ពជើង ទឹករបស់ខ្លួនឱ្យកាន់តែខ្លាំង។ ព័ត៌មានស្ដីពីគំរោងដាក់ពង្រាយនាវាមុជទឹកនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អង់គ្លេសនឹងបញ្ជូននាវាចម្បាំងផ្ទុកយន្ដហោះ មកកាន់តំបន់ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បួង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃអាទិត្យម្សិលមិញសារព័ត៌មាន South China Post បានចេញផ្សាយថា ទីក្រុងប៉េកាំងគ្រោងនឹងដាក់ពង្រាយនាវាមុជ ទឹកគ្មានមនុស្សបើកឆ្លាតវ័យជំនាន់ថ្មីរបស់ខ្លួន នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ។ មួយវិញទៀតនាវាមុជទឹកនេះ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីឃ្លាំមើលបំពាក់អាវុធ ឬក៏អាចនឹងត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារអត្តឃាតប្រឆាំងនឹងសត្រូវ ព្រមទាំងដឹកនាំការស្រាវជ្រាវវិទ្យាសាស្ត្រនៅក្រោមផ្ទៃទឹកជាដើម។
ចំណែកឯលោក Lin Yang ជានាយកបរិក្ខាបច្ចេកវិទ្យានាវាមុជទឹកមក ពីរាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន ក៏បានទទួលស្គាល់ថាមានគំរោងនេះ ដោយលោកថែមទាំងបញ្ជាក់ទៀតថា វាគឺជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងអភិវឌ្ឍន៍នាវាមុជទឹកស្រដៀងគ្នានេះ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំកន្លងទៅ ចិនបានបង្កើនកញ្ចប់ថវិកាយោធាប្រចាំឆ្នាំ២០១៨ ជិតស្មើនឹង ១០ភាគរយ ពី ១៣២ពាន់លានដុល្លារ ដល់ ១៧៥ពាន់លានដុល្លារ។ ប៉ុន្តែវានៅតែតិចជាងសហរដ្ឋអាមេរិក ដែលមានកញ្ចប់ថវិការហូតដល់ទៅជាង ៧០០ពាន់លានដុល្លារឯណោះ ហើយការបង្កើនកញ្ចប់ថវិកាយោធានេះធ្វើឡើង នៅចំពេលមហាយក្សទាំងពីរកំពុងមានភាពតាន នឹងគ្នានៅឯតំបន់សមុទ្រចិនខាងត្បូង និងសំណុំរឿងលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់៕